អភិបាលខេត្តកំពង់ស្ពឺ សម្តែងការរន្ធត់ និងសោកស្តាយ ចំពោះទង្វើររបស់សន្តិសុខផ្សារកំពង់ស្ពឺដែលទាត់កញ្ច្រែងក្មេងស្រីលក់ព្រីង

ក្រោយពីបានឃើញហ្វេសប៊ុករបស់បងប្អូនប្រជាពរដ្ឋ​ដែលបានបង្ហោះរឿងសន្តិសុខ ផ្សារកំពង់ស្ពឺ បានទាត់កញ្ច្រែងក្មេង​ស្រីលក់ព្រីងម្នាក់ បណ្ដាលឲ្យ​កំពប់ទៅលើដី លោក វ៉ី សំណាង អភិបាល​ខេត្ត​កំពង់ស្ពឺ បាន​បង្ហាញអារម្មណ៍ រន្ធត់ និងសោកស្ដាយយ៉ាងខ្លាំង ចំពោះទង្វើអសីលធម៌បែបនេះ។

យ៉ាងណាក៏ដោយ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក វ៉ី សំណាង ក៏​បាន​​សូមអភ័យទោសចំពោះទង្វើដែលមិនគប្បីរបស់សន្តិសុខផ្សារកំពង់ស្ពឺ។

នៅថ្ងៃទី២០ ខែឧសភា នេះដែរ លោក វ៉ី សំណាង ក៏​បានជួបផ្ទាល់ជាមួយក្មេងស្រីនោះ ហើយ​លោក​ក៏​​បានផ្តល់នូវសម្ភារៈមួយចំនួន សម្រាប់រួមចំណែកសម្រួលដល់ការលំបាករបស់គាត់កន្លងមក។

ជាមួយ​គ្នា​នេះ លោក​អភិបាលខេត្ត ក៏​បាន​សំណូមពរដល់បងប្អូនអាជីវករក៏ដូចជាប្រជាពលរដ្ឋទាំងអស់សូមមេត្តារក្សាឲ្យបាននូវសណ្ដាប់ធ្នាប់សាធារណៈដោយជៀសវាងគិតតែប្រយោជន៍ខ្លួន ភ្លេចអំពីផលប៉ះពាល់ដល់ប្រយោជន៍អ្នកដទៃ ដែលគាត់ត្រូវការប្រើប្រាស់ផ្លូវ។

បើទោះជាយ៉ាងណាក៏ដោយទង្វើអសីលធម៌របស់សន្តិសុខផ្សារកំពង់ស្ពឺនោះ លោក វ៉ី សំណាង បញ្ជាក់ថា ទង្វើបែបនេះ គឺមិនអាចលើកលែងបានឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close