ឯកឧត្តម គួច ចំរើន ណែនាំ​ពី​ការអនុវត្ត​ស្តង់ដារ​សុវត្ថិភាព​សម្រាប់​ការលក់ដូរ ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩

​ខេត្ត​ព្រះសីហនុ​៖ កាលពី​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២១ ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​សេចក្តីព្រាង​សេចក្តីណែនាំ ស្តីពី​ការអនុវត្ត​ស្តង់ដារ​សុវត្ថិភាព​សម្រាប់​ការលក់ដូរ នៅតាម​លំនៅឋាន តាម​ផ្សារ​ម៉ា​ត និង​ទីតាំង​រៀបរយ​ផ្សេងទៀត ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​ខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត នាយក​រដ្ឋបាល​សាលាខេត្ត អភិបាលក្រុង ស្រុក ប្រធាន​មន្ទីរ អង្គភាព និង​កងកម្លាំងប្រដាប់អាវុធ​។

​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍​បើក​កិច្ចប្រជុំ ដោយបាន​ថ្លែងអំណរគុណ​ដល់​មន្ត្រីរាជកា​រ កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញការងារ​ដោយ​ស្មារតី និង​ឆន្ទ​:​ប្រកបដោយ​ការទទួលខុសត្រូវ ក្នុងការ​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។

​ឯកឧត្តម គួច ចំរើន បាន​បញ្ជាក់ថា ​មកដល់ពេលនេះ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ជ​-១៩ ក្នុង «​ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ​» នៅក្នុង​ខេត្ត​ព្រះ​​សីហនុ​មាន​សភាព​ធូរស្រាល​បន្តិច​ហើយ ដោយសារ​វិធានការ​នា​នា​ត្រូវបាន​ដាក់ចេញ ព្រមទាំង​ការចូលរួមរ​អនុវត្ត​យ៉ាង​សស្រាក់សស្រាំ​ពី​អ្នកពាក់ព័ន្ធ​រួមមាន​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ អ្នកស្ម័គ្រចិត្ត រួមទាំង​ប្រជាពលរដ្ឋ​មួយចំនួនធំ ព្រមទាំង​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើឱ្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​អាច​គ្រប់គ្រង​ស្ថានភាព​បានជា​បណ្តើរៗ ហើយ​តួលេខ​នៃ​ករណី​ឆ្លង​
​ជំងឺ​កូ​វីដ​-១៩ មានការ​ថយចុះ​ជា​បន្តបន្ទាប់​។

​ប៉ុន្តែ​ទន្ទឹមនឹងនេះ តាមរយៈ​ការដាក់ចេញ​នូវ​វិធានការ​នានា​ក្នុងន័យ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​ដ៏​កាច​សាហាវ​នេះ ក៏បាន​ធ្វើឱ្យប៉ះពាល់​ដល់​វិស័យ​សង្គម និង​សេដ្ឋកិច្ច​ទូទៅ ជាពិសេស​បានធ្វើឱ្យ​ប៉ះពាល់​ដល់​មុខរបរ​ពាក់ព័ន្ធ​នឹង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​យើង​ជាទូទៅ​ផងដែរ ក្នុងនោះ​ការលក់ដូរ​ទំនិញ​របស់​បងប្អូន​អាជីវករ​នៅតាម​ផ្សារ​នានា​នៅក្នុង​ក្រុងព្រះសីហនុ ត្រូវបាន​ផ្អាក​អាជីវកម្ម​លក់ដូរ​ទាំង​ស្រុង ព្រោះ​ថាបើ​យោងតាម​ស្ថានភាព​ជាក់ស្តែង ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅតាម​ទីផ្សារ​មាន​សកម្មភាព​ឆ្លង​រាលដាល​លឿន មាន​ទំហំ​ធំ ហើយ​ងាយ​ឆ្លង​បន្ត​ចូលក្នុង​សហគមន៍​យ៉ាង​ឆាប់រហ័ស​ធ្វើឱ្យ​
​មានការ​លំបាក​គ្រប់គ្រង​ស្ថានការណ៍ និង​ងាយ​រងគ្រោះថ្នាក់​ជាទីបំផុត​។

​ដោយហេតុនេះ រដ្ឋបាលខេត្ត​ព្រះសីហនុ​នៅ​បន្ត​បិទ​អាជីវកម្ម​លក់ដូរ​នៅតាម​ផ្សារ​រដ្ឋ ផ្សារ​ឯកជន ផ្សារ​លក់ដូរ​ប្រមូលផ្តុំ និង​ហាមឃាត់​ការលក់ដូរ​នៅតាម​ទីសាធារណៈ​ដែល​គ្មាន​សុវត្ថិភាព និង​គ្មាន​សណ្តាប់ធ្នាប់​។ ដើម្បី​ធានាបាន​ប្រក្រតីភាព​នៃ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ និង​ឈានទៅ​ស្តារ​សេដ្ឋកិច្ច​-​សង្គម​ឡើងវិញ ក៏ដូចជា​ទម្លាប់​ឱ្យ​ប្រជាពលរដ្ឋ​យើង​រស់នៅ​តាមបែប​គន្លង​ថ្មី រដ្ឋបាលខេត្ត សូម​លើក​ចិត្ត​ឱ្យ​បងប្អូន​អាជីវករ​លក់ដូរ​តាម​លំនៅឋាន តាម​ផ្សារ​ម៉ា​ត និង​ទីតាំង​រៀបរយ​ផ្សេងទៀត ដោយ​អនុវត្តតាម​គោលការណ៍​ណែនាំ​ពី​ស្តង់ដារ​សុវត្ថិភាព​ដែល​ដាក់ចេញ​ដោយ​រដ្ឋបាលខេត្ត ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close