ស្ត្រីនៃកងយោធពលខេមរភូមិន្ទ ៤៦៦នាក់ ចូលរួមក្នុងកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ
ចាប់ពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន កងយោធពលខេមរភូមិន្ទ (RAF/NPMEC) បានដាក់ពង្រាយកងកម្លាំងថែរក្សាសន្តិភាពសរុបជាង ៧,៥០០នាក់ ក្នុងនោះមានស្ត្រី ៤៦៦នាក់ ទៅ៩ប្រទេស រួមមាន៖ ស៊ូដង់ ឆាដ លីបង់ ស៊ូដង់ខាងត្បូង សាយប្រឺស ស៊ីរី ម៉ាលី សាធារណរដ្ឋអាហ្វ្រិកកណ្ដាល និងយេម៉ែន។
បច្ចុប្បន្នមានកងរក្សាសន្តិភាពកម្ពុជាចំនួន ៧៧៩នាក់ ក្នុងនោះជាស្ត្រីចំនួន ១០៤នាក់ កំពុងប្រតិបត្តិការចំនួន ៥ប្រទេសរួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី លីបង់ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ ដំបូង តួនាទីរបស់ស្ត្រី គឺផ្តល់ការគាំទ្រដល់ការសម្របសម្រួល រដ្ឋបាល និងភស្តុភារ។
ក្រោយមកទៀត តួនាទីរបស់ស្ត្រីក្នុងកងកម្លាំងរក្សាសន្តិភាព បានកើនឡើងជាបន្តបន្ទាប់ដោយរួមមាន ជាអ្នកផ្តល់សេវាកម្មដល់ប្រតិបត្តិករបោសសម្អាតមីន វេជ្ជបណ្ឌិត អនុមេបញ្ជាការ អ្នកសង្កេតការណ៍ ប្រធានក្រុម និងអនុប្រធានក្រុម។ល។ ការវិវត្តន៍នេះ ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីប្រុងប្រយ័ត្នរបស់ប្រទេសកម្ពុជា ក្នុងការ ជម្រុញការចូលរួមរបស់ស្ត្រីក្នុងប្រតិបត្តិការរក្សាសន្តិភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។