ពលរដ្ឋ​ចិន ដល់​ទៅជិត​៤៥០​លាន​នាក់​ហើយ ទទួលបាន​ការចាក់​វ៉ាក់សាំង​

​ចិន​ជា​ប្រទេស​ដែលមាន​ល្បឿន​នៃ​ការចាក់​វ៉ាក់សាំង លឿន​បំផុត​នៅលើ​ពិភពលោក ដោយមាន​ពលរដ្ឋ​ដល់​ទៅ​ជាង​១០​លាន​នាក់​ទទួលបាន​ការចាក់​វ៉ាក់សាំង ក្នុង​មួយថ្ងៃៗ​។ គណៈកម្មការ​សុខាភិបាល​ជាតិចិន (NHC) បានប្រកាសថា វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ជាង ៤៤៩.៥​លាន​ដូ​ស​ហើយ ត្រូវបាន​ចាក់​ជូន​ប្រជាជន​នៅ​ទូទាំងប្រទេស គិត​ត្រឹម​ថ្ងៃ​ពុធ​ម្សិលមិញ​។​

​តួលេខ​នេះ​គឺ​កើន​ប្រមាណ ១៤​លាន​ដូ​ស ពី​ចំនួន ៤៣៥​លាន​ដូ​ស​ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​។​ប្រទេស​ចិន​បាន​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ COVID-19 ផលិត​ក្នុងស្រុក​ផ្ទាល់ ដើម្បី​ចាក់​ជូន​ប្រជាជន​ដែល​ខ្លួន​គិតថា ងាយ​ប្រឈមមុខ​បំផុត​។ សម្រាប់​វ៉ាក់សាំង​ផលិត​ដោយ​ចិន​ដូចជា Sinovac និង Sinopharm ក៏​ត្រូវបាន​បរិច្ចាគ និង​ផ្គត់ផ្គង់​ទៅតាម​ការបញ្ជាទិញ​ពី​ប្រទេស​ជាច្រើន នៅ​ជុំវិញ​ពិភពលោក​ផងដែរ ក្នុងនោះ​ប្រទេស​ធំៗ​ដូចជា ប្រេ​ស៊ី​ល តួ​ក​គី និង​ឥណ្ឌូណេស៊ី​ជាដើម សុទ្ធតែ​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ពី​ចិន​។​

​គួរ​បញ្ជាក់ថា រយៈពេល​ចុងក្រោយ​នេះ សន្ទះ​នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​របស់​ចិន​មានការ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ស្រប​ពេលដែល​វ៉ាក់សាំង​មួយ ក្នុងចំណោម​វ៉ាក់សាំង​សំខាន់ៗ​របស់​ពីរ គឺ​វ៉ាក់សាំង Sinopharm ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក WHO អនុម័ត​ទទួលស្គាល់​ពី​ប្រសិទ្ធភាព និង​សុ​វត្ថ​ភាព​របស់​វា​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close