ឥណ្ឌា រងការវាយប្រហារដោយព្យុះថ្មីមួយទៀត ធ្វើឲ្យស្ថានភាពកាន់តែអាក្រក់
ឥណ្ឌាជាប្រទេសដែលរងផលប៉ះបាល់ខ្លាំងជាងគេដោយកូវីដ១៩ នាពេលបច្ចុប្បន្ន ។ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅឥណ្ឌាមានករណីឆ្លងថ្មីៗសរុប ២៧៦,១១០នាក់ ត្រូវបានរកឃើញនៅក្នុងរយៈពេល២៤ម៉ោង និងមានចំនួនអ្នកស្លាប់ ៣,៨៧៤នាក់ ដែលជាតួលេខថយចុះបើធៀបនឹងថ្ងៃទី១៩ខែឧសភា។សរុបទូទាំងប្រទេសឥណ្ឌាកើនដល់ ២៥.៧៧លានករណី ក្នុងនោះមានអ្នកស្លាប់ ២៨៧,១២២នាក់។
កន្លងមកថ្មីៗឥណ្ឌាក៏បានប្រឈមនឹងព្យុះកំណាច Tauktae ដែលបានសម្លាប់ពលដ្ឋដល់ទៅ ១១០នាក់ ។ ក្នុងពេលនេះដែឬ ព្យុះកំណាចមួយទៀតក៏បានសំដៅទៅកាន់តំបន់ភាគខាងកើតឥណ្ឌា។
អាជ្ញាធរឥណ្ឌានៅថ្ងៃទី២០ ខែឧសភាបានព្រមានថា ព្យុះកំណាចថ្មីមួយកំពុងបោកបក់មក លើឈូងសមុទ្របេងហ្គាល់ (Bay of Bengal) ដែលស្ថិតនៅតំបន់ឆ្នេរសមុទ្រភាគខាងកើតប្រទេសឥណ្ឌា ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីព្យុះស៉ីក្លូនកំណាចមួយ បានវាយប្រហារមកលើតំបន់ឆ្នេរសមុទ្រ ភាគខាងលិចប្រទេសឥណ្ឌា ដែលបណ្តាលឲ្យមនុស្សយ៉ាងតិច ១១០នាក់បាត់បង់ជីវិត។
ព្យុះស៊ីក្លូនកំណាចមានឈ្មោះថា តកតែ (Tauktae) បានបោកបក់មកលើរដ្ឋ ហ្គូចារ៉ាត (Gujarat) ភាគខាងលិចប្រទេសឥណ្ឌា កាលពីល្ងាចថ្ងៃចន្ទសប្ដាហ៍នេះ ជាមួយល្បឿន ១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែកាលពីព្រឹកថ្ងៃអង្គារសប្ដាហ៍នេះ វាបានថយចុះឥទ្ធិពលបន្តិចវិញ។
ទោះបែបនេះក៏ដោយ វាបានបង្កឲ្យផ្លូវថ្នល់ជន់លិច, រលំដើមឈើ-បង្គោលអគ្គិសនី, ប្រជាជនឥណ្ឌារាប់សែននាក់ត្រូវភៀសខ្លួន ហើយមនុស្សយ៉ាងតិច ១១០នាក់ ក៏បានបាត់បង់ជីវិតផងដែរនៅរដ្ឋ កឺរ៉ាឡា (Kerala), ហ្គ័រ (Goa), មហារ៉ាស្ត្រា (Maharashtra) និង ហ្គូចារ៉ាត (Gujarat)។ វាបានបន្សល់ទុកនូវការបំផ្លិញបំផ្លាញ ដ៏ស្មុគស្មាញជាច្រើនសម្រាប់ប្រទេសមួយ ដែលកំពុងប្រឈមមុខជាមួយនឹងការកើនឡើង នូវករណីឆ្លងវីរុសកូរ៉ូណា (COVID-19) ដ៏កាចសាហាវនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។