អាជ្ញាធរ​បិទ​ខ្ទប់ទីតាំងស្នាក់​នៅ​របស់​កម្មករ​ចំនួន​២ទីតាំងនៅខណ្ឌកំបូល ក្រោយ​រកឃើញកម្មករជាច្រើននាក់វិជ្ជមានកូវីដ១៩

កាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ​២០២១ម្សិលមិញនេះ អាជ្ញាធរ​ខណ្ឌកំបូល បាន​បង្ខំចិត្ត​បិទ​ខ្ទប់​ទីតាំងស្នាក់​នៅ​របស់បងប្អូន​កម្មករ​កម្មការិនី​ដែលបម្រើ​ការងារ​នៅរោងចក្រស៊ូមិ ចំនួន២កន្លែង ដើម្បីធ្វើតេស្ត​រកជំងឺកូវីដ១៩។

លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានថ្លែងថា ក្រោយពីធ្វើតេស្តបឋម នៅរសៀលថ្ងៃម្សិលមិញ យើងរកឃើញថា មានបងប្អូនកម្មករកម្មការិនីប្រមាណជាង ២០នាក់ ដែលមានវិជ្ជមានកូវីដ-១៩ ក្នុងចំណោមបងប្អូនកម្មករ កម្មការិនី ប្រមាណជាង ២០០នាក់ដែលស្នាក់នៅក្នុងទីតាំងផ្ទះជួលភូមិគុល ក្នុងសង្កាត់កំបូលនេះ។ ក្នុងពេលនេះសមត្ថកិច្ចជំនាញ កំពុងបន្តសកម្មភាពយ៉ាងមមា ញឹកក្នុងការធ្វើតេស្ត ស្វែងរកអ្នកមានវិជ្ជមានកូវីដ-១៩ ដែលជាប់ពាក់ព័ន្ធនៅក្នុងរោងចក្រខាងលើនេះ។

បើតាមអភិបាលខណ្ឌថា នៅក្នុងរោងចក្រស៊ូមិនេះ មានបងប្អូនកម្មករ កម្មការិនី ធ្វើការប្រមាណជាង ២.០០០នាក់ ហើយពួកគាត់បានប្រមូលផ្ដុំគ្នាស្នាក់នៅក្នុងអគារជួលចំនួនពីរកន្លែង ដែលមួយកន្លែងស្ថិតនៅក្នុងភូមិគុល សង្កាត់កំបូល និងមួយកន្លែងទៀតនៅក្នុងភូមិម្ជុលពេជ្រ ក្នុងតំបន់សេដ្ឋកិច្ចពិសេសខាងលើនោះ។

ជាវិធានការនៅពេលនេះ អ្នកដែលរកឃើញថា មានវិជ្ជមានកូវីដ-១៩ ក្រុមគ្រូពេទ្យ និងមន្ត្រីជំនាញបានបញ្ជូនពួកគាត់ ទៅកាន់មណ្ឌលព្យាបាល ក្នុងរាជធានីភ្នំពេញ ហើយ​សម្រាប់អ្នកដែលស្នាក់នៅក្នុងតំបន់នេះ គឺត្រូវធ្វើចត្តាឡីស័ក ដើម្បីឱ្យប្រាកដថា ពុំមានការចែកចាយបន្តទៅកាន់តំបន់ផ្សេងណាទៀតនោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close