WHO ថា វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩​បំប្លែង​ខ្លួន​ថ្មី មាន​ប្រសិទ្ធភាព តែ​ការធ្វើដំណើរ​អន្តរជាតិ នៅតែ​គ្មាន​សុវត្ថិភាព​

​បរទេស​៖ នាយក​ប្រចាំ​អឺរ៉ុប​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) លោក ហាន​ស៍ គ្លូ​ក (Hans Kluge) បញ្ជាក់ថា ដំណើរ​រីកចំរើន​ប្រឆាំងនឹង​វីរុស Covid-19 នៅ​ផុយស្រួយ​នៅឡើយ ហើយ​ការធ្វើដំណើរ​អន្តរជាតិ​ណាមួយ​ក៏​គួរតែ​ជៀសវាង​ផងដែរ តែ​លោក​បាន​សង្កត់ធ្ងន់ថា បណ្តា​វ៉ាក់សាំង​ដែល​ទទួលបាន​ការអនុញ្ញាត​អោយប្រើ គឺ​សុទ្ធ​តែមាន​ប្រសិទ្ធភាព​ប្រឆាំងនឹង​វីរុស​បំប្លែង​ខ្លួន​ប្រភេទ​ថ្មី​។​

​លោក ហាន​ស៍ គ្លូ​ក បាន​ថ្លែង​ក្នុង​ស​ន្និសិទ​សារព័ត៌មាន​ប្រចាំ​សប្តាហ៍​ថា វីរុស​កូ​វីដ​១៩​បំប្លែង​ខ្លួន​ថ្មី​ដែល​ត្រូវបាន​រកឃើញ​ដំបូង​នៅ​ឥណ្ឌា និង​អាច​ចម្លង​ខ្លាំង​ជាង​វីរុស​ដើម ឥឡូវ​ត្រូវបាន​រកឃើញ​នៅ​យ៉ាងតិច​២៦​ប្រទេស​ក្នុងចំណោម​៥៣​ប្រទេស​នៅ​តំបន់​អឺរ៉ុប ។ តែ​វ៉ាក់សាំង​ដែល​ទទួលបាន​ការអនុញ្ញាត​អោយប្រើ​ហើយ មាន​ប្រសិទ្ធភាព​ប្រឆាំង​វីរុស​ប្រភេទ​ថ្មី​… រាល់​វីរុស​បំប្លែង​ខ្លួន​កន្លងមក បាន​ឆ្លើយតប​នឹង​វ៉ាក់សាំង​ដែលមាន​ហើយ ។​

​ស្របពេល​ជាមួយគ្នា​នោះដែរ នាយក​ប្រចាំ​អឺរ៉ុប​របស់​អង្គការ​សុខភាព​ពិភពលោក​រូបនេះ​បានបញ្ជាក់​បន្ថែមទៀតថា ប្រជាជន​តំបន់​នេះ (​អឺរ៉ុប​) តែ​២៣​ភាគរយ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ និង​មានតែ​១១​ភាគរយ​បាន​ចាក់​ដូ​ស​ទី​២ ខណៈដែល​លោក​បាន​ព្រមាន​អោយ​ប្រជាជន​ក្នុង​តំបន់​បន្ត​ប្រយ័ត្នប្រយែង​បន្ថែម ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close