ទណ្ឌិត ៥២​នាក់ នៅ​ភ្នំពេញ និង​ព្រះសីហនុ រកឃើញ​ឆ្លង​ជំងឺ​កូ​វីដ​១៩

​ភ្នំពេញ​៖ លោក នុត សវ​នា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ បាន​បញ្ជាក់ថា សម្រាប់​អ្នក​ជាប់ឃុំ​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ ត្រូវបាន​រកឃើញ​ឆ្លង​ជំងឺ​កូ​វីដ​១៩ កាលពី​ថ្ងៃទី​២០ ខែឧសភា​ម្សិលមិញ មាន​ចំនួន​១៨​នាក់​។ ដោយឡែក នៅ​ខេត្ត​ព្រះសីហនុ រកឃើញ​កាលពីដើម​ខែឧសភា​នេះ ចំនួន​៣៤​នាក់ ខណៈ​អ្នកពាក់ព័ន្ធ​ផ្សេងទៀត ត្រូវបាន​រំលែក​យកទៅដាក់​អគារ​ផ្សេង​ដាច់ដោយឡែក​។​

​បើតាម​អ្នកនាំពាក្យ​រូបនេះ បញ្ជាក់ទៀតថា ទណ្ឌិត​ដែល​ឆ្លង​កូ​វីដ​១៩​ទាំង ១៨​នាក់​នោះ គឺមាន​ប្រភព​ចម្លង​ដំបូង​នៅ​ពន្ធនាគារ​ព្រៃ​ស រាជធានី​ភ្នំពេញ និង ៣៤​នាក់ នៅ​ខេត្ត​ព្រះសីហនុ គឺ​សង្ស័យ​ឆ្លង​ចេញពី​ជនជាតិ​តៃវ៉ាន់ ដែល​ជាប់ឃុំ ពេល​កំពុង​ត្រៀម​បញ្ជូនទៅ​ប្រទេស​ដើម​វិញ​។​

​ពាក់ព័ន្ធ​ករណីនេះ លោក យិន គន្ធ ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​១ (​ពន្ធនាគារ​ព្រៃ​ស​) ក៏បាន​ផ្ញើលិខិត​ទៅកាន់​ប្រធាន​សាលាឧទ្ធរណ៍​ភ្នំពេញ​ផងដែរ ដោយ​សុំ​ផ្អាក​ដឹក​ជន​ជាប់ឃុំ​ឡើង​ជំនុំជម្រះ​នៅ​សាលាឧទ្ធរណ៍ មួយរយៈ​សិន គិត​ចាប់ពី​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២១ បន្ទាប់ពី​រកឃើញ​អ្នក​ជាប់ឃុំ​១៨​នាក់​ឆ្លង​ជំងឺ​កូ​វីដ​១៩៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close