រដ្ឋមន្ត្រីក្រសួងកសិកម្ម អំពាវនាវដល់ម្ចាស់ចំការស្វាយទាំងអស់ មានបំណងនាំចេញស្វាយស្រស់ទៅកាន់ប្រទេសចិន សូមមកចុះបញ្ជីនៅអគ្គនាយដ្ឋានកសិកម្ម
ភ្នំពេញ៖ ដោយពិនិត្យឃើញថា មានសាធារណជន និងម្ចាស់ចំការស្វាយជាច្រើន បានត្អូញត្អែរមកខ្ញុំពីបញ្ហាកង្វះទីផ្សារ ក្រោយពីបានពិនិត្យឃើញការនាំចេញស្វាយស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិន ទទួលបានជោគជ័យ នាពេលថ្មីៗនេះ។ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវសារជាថ្មីម្តងទៀត ជូនចំពោះសាធារណជន និងម្ចាស់ចំការស្វាយទាំងអស់ ដែលមានបំណងនាំចេញស្វាយស្រស់ទៅកាន់ប្រទេសចិន និងដែលមិនទាន់បានមកចុះបញ្ជី សូមមេត្តាមកចុះបញ្ជីនៅអគ្គនាយដ្ឋានកសិកម្ម។
ឯកសឧត្តម សូមបញ្ជាក់ជូនសាធារណជន និងម្ចាស់ចំការស្វាយទាំងអស់ បានជ្រាបបន្ថែមថា ការតម្រូវឲ្យមានការចុះបញ្ជីចំការស្វាយនេះ គឺជាលក្ខខណ្ឌតម្រូវរបស់ប្រទេសនាំចូល ហើយទន្ទឹមនឹងនេះ ម្ចាស់ចំការស្វាយ បានទទួលចំណេះដឹងពីការគ្រប់គ្រងចំការស្វាយស្របតាមលក្ខខណ្ឌតម្រូវ ជាមួយនិងការផ្សារជាមួយក្រុមហ៊ុននាំចេញ តាមរយៈការចុះកិច្ចសន្យា ហើយនិងក្នុងករណីមានការកើតឡើងមិនប្រក្រតីណាមួយដែលកើតចេញពីផ្លែស្វាយដែលបានបញ្ជូនទៅដល់ប្រទេសនាំចូលហើយនោះ គេអាចនឹងតាមដានមកមើលចំការស្វាយវិញបានដោយងាយស្រួល ដើម្បីមានវិធានការ ផ្អាក ឬបញ្ឈប់ម្ចាស់ចំការស្វាយនោះមិនឲ្យនាំចេញបន្តទៀតបាន។
ទន្ទឹមនឹងនេះ ឯកឧត្តមមានក្តីសង្ឃឹមថា សាធារណជន និងម្ចាស់ចំការស្វាយទាំងអស់ ដែលមិនទាន់បានចុះបញ្ជី ពុំមានការតវ៉ាថា មិនបានទទួលព័ត៌មានគ្រប់គ្រាន់ ឬថាមិនបានដឹង មកខ្ញុំបន្តទៀតឡើយ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។