មេសហគមន៍នេសាទឃុំកំពង់រាប ត្រូវពលរដ្ឋប្តឹង​រឿងចាប់ត្រីក្នុង​តំបន់អភិរក្ស

ពលរដ្ឋរស់នៅភូមិកំពង់ព្រះ នៃឃុំកំពង់រាប ស្រុកព្រៃកប្បាស កាលពីថ្ងៃម្សិលមិញនេះ​បានប្រមូលផ្តុំគ្នាតវ៉ាក្រោយ​ពី​ក្រុម​អភិរក្សសហគមន៍នេសាទមេពូជត្រីអន្លង់ចិននាំគ្នាហុំពទ្ធ័កៀរសម្រាស់យកត្រីនៅក្នុងអន្លង់អភិរក្ស។

ក្រុមប្រជាពលរដ្ឋបានលើកឡើងថា ឆ្មាំដែលជាអ្នកយាមនៅតំបន់អភិរក្សអន្លង់ចិននេះបានប្រមូលបក្ខពួកទៅហ៊ុំយកត្រីដោយពួកគេលើកឡើងថា លោក អុិន ជឿន ប្រធានសហគមន៍នេសាទកំពង់រាបជាអ្នកឲ្យហ៊ុំចាប់ត្រីនៅក្នុងអន្លង់អភិរក្សនោះ។

បើតាម​ប្រជាពលរដ្ឋបានអោយដឹងថា ក្រុមឆ្មាំខាងលើនេះ​កន្លងមកតែ​ងតែចាប់ពលរដ្ឋក្រីក្រដែលនេសាទលក្ខណៈគ្រួសារផាកពិន័យ តាមបញ្ជាលោក អុិន ជឿន ប្រធានសហគមន៍នេសាទកំពង់រាប ក្រោយ​ពីពួកគាត់​បានចូលទៅនេសាទនៅតំបន់​អភិរក្ស តែយ៉ាណា នៅពេលនេះ ​បែរជាក្រុមឆ្មាំនៅប្រមូលយកត្រីទៅវិញ។

ក្រោយឃើញសកម្មភាពក្រុមឆ្មាំអភិរក្សទាំងនេះប្រព្រឹត្តដូចនេះ ប្រជាពលរដ្ឋ​ក៏លើកគ្នាមកតវ៉ាដើម្បីឲ្យ​ថ្នាក់ដឹកនាំបានដឹងអំពីទង្វើរបស់លោក អុិន ជឿនប្រធានសហគមន៍នេសាទកំពង់រាប ដែលហ៊ានបញ្ជាកូនចៅឲ្យ​ប្រព្រឹត្តល្មើសបែបនេះ ខណៈ​ខ្លួនជាអ្នកអនុវត្តច្បាប់នោះ។

យ៉ាងណាក៏ដោយ ក្រោយប្រជាពលរដ្ឋលើកគ្នាតវ៉ានោះ លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាសបានបញ្ជា​ឲ្យ​លោក កង វន្ថាអភិបាលរងស្រុកដឹកនាំកំលាំងសមត្ថកិច្ចចម្រុះចុះទៅអនុវត្តនិតិវិធីច្បាប់លើក្រុមឆ្មាំយាមតំបន់អភិរក្សមេពូជត្រីអន្លង់ចិនដោយឲ្យ​ដកហូតសម្ភារៈប្រព្រឹត្ត និងនាំខ្លួនឆ្មាំទាំងនោះប្រគល់ឲ្យ​ក្រុមមន្រ្តីជំនាញរដ្ឋបាលជលផលបន្តនិតិវិធីតាមផ្លូវច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close