នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឲ្យកម្លាំងជំនាញតាមចាប់មន្ត្រីអាវុធហត្ថខេត្តកំពង់ធំម្នាក់ ក្រោយចាក់អតីតភរិយាបណ្ដាលឲ្យរបួសធ្ងន់នៅស្រុកសណ្តាន់

អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាឱ្យកម្លាំងអាវុធហត្ថជំនាញ ស្រាវជ្រាវ និង តាមចាប់ខ្លួនមន្ត្រីអាវុធហត្ថខេត្តកំពង់ធំម្នាក់ ដែលបានចាក់អតីតភរិយាបណ្ដាលឲ្យរងរបួសធ្ងន់នៅស្រុកសណ្តាន់។

ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក នៅរសៀលថ្ងៃទី២៤ ខែឧសភានេះ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា បុគ្គលដែលប្រព្រឹត្តខុសច្បាប់ គឺមិនអាចអត់ឱនឲ្យបាននោះទេ ពោលត្រូវតែស្រាវជ្រាវចាប់ខ្លួន ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។

សូមបញ្ជាក់ថា មន្ត្រីកងរាជអាវុធហត្ថម្នាក់នៅស្រុកសណ្តាន់ ឈ្មោះ ស្រ៊ុន ពេជ្ររស្មី បានយកកាំបិតចាក់អតីតភរិយាជាច្រើនកាំបិត បណ្តាលឱ្យរងរបួសធ្ងន់ ហើយស្រ្តីរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យឯកជន។ ករណីអំពើហិង្សានេះបានកើតឡើង នៅភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។ ក្រោយកើតហេតុ មន្ត្រីអាវុធហត្ថរូបនេះ បានរត់គេចខ្លួន ខណៈសមត្ថកិច្ចខេត្តកំពង់ធំ កំពុងតាមរកចាប់ខ្លួនផងដែរ។

គួរបញ្ជាក់ថា ជនបង្ក ស្រ៊ុន ពេជ្យរស្មី រូបនេះ តែងតែប្រើអំពើហិង្សាជាញឹកញាប់លើស្រ្តីរងគ្រោះ រហូតមានការលែងលះគ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close