កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងចាប់ពីថ្ងៃទី២៦ ដល់២៨ ឧសភា
តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះបានឲ្យដឹងថា ប្រព័ន្ធសម្ពាធទាប (ITCZ) កំពុងបន្តអូសបន្លាយកាត់នៅប៉ែកខាងលើនៃតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ហើយជាមួយគ្នានោះ ខ្យល់មូសុងនិរតីខ្លាំង ក៏បានបក់មកលើព្រះរាជាណាចក្រកម្ពុជាផងដែរ។
ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ពីថ្ងៃទី២៦-២៨ ខែឧសភា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតបង្គួរទៅខ្លាំង បន្ទាប់ពីនោះនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ។
សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីបង្គួរទៅខ្លាំង។
ដោយឡែកតំបន់មាត់សមុទ្រវិញ នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង ហើយនៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងធ្លាក់ខ្លាំង ជាមួយនឹងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ។
ចំពោះស្ថានភាពនេះ ក្រសួងធនធានទឹក និងឧតុនិយម ស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀងខ្លាំង ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់, ហើយសម្រាប់ប្រជានេសាទ និងអ្នកដំណើរសមុទ្រ សូមបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លៀង ខ្យល់បក់ខ្លាំង និងរលកសមុទ្រដែលអាចមានកម្ពស់១ម៉ែត្រ ទៅ ២,៥ម៉ែត្រ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែឧសភា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។