កម្ពុជា ទទួលបានភ្ញៀវទេសចរជាង ៥ម៉ឺននាក់ នៅថ្ងៃចុងសប្តាហ៍នេះ
ភ្នំពេញ៖ ក្នុងឱកាសថ្ងៃចុងសប្តាហ៍ទី៣ នៃខែឧសភា ចាប់ពីថ្ងៃទី២២-២៣ ខែឧសភា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរសរុប ៥២,៨៩១ នាក់ កើនឡើង ៦.១១% ធៀបនឹងចុងសប្តាហ៍កន្លងទៅ ក្នុងនោះមានភ្ញៀវជាតិ ៥២,២៤៧ នាក់ កើនឡើង ៥.៨៤% និងភ្ញៀវបរទេសផ្ទៃក្នុង ៦៤៤ នាក់ កើនឡើង ១៣.៧៨%។
បើតាមឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា រយៈពេលបួនសប្តាហ៍ បន្ទាប់ពីរាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យបើកដំណើរការរមណីយដ្ឋានទូទាំងប្រទេសឡើងវិញ ភ្ញៀវសរុបមានចំនួនប្រមាណ ១៣១,៤៩០នាក់។
គោលដៅទេសចរណ៍សំខាន់ៗដែលមានសកម្មភាពទេចរច្រើនជាងគេ នាចុងសប្តាហ៍កន្លងមកនេះ រួមមាន៖
* ខេត្តកំពត៖ ១០,៩៤២ នាក់
* ខេត្តកែប៖ ៧,២៥៧ នាក់
* ខេត្តបាត់ដំបង៖ ៦,៩៣០ នាក់
* ខេត្តសៀមរាប៖ ៦,០៣៣ នាក់
* ខេត្តកំពង់ស្ពឺ៖ ៣,៨៩០ នាក់
* ខេត្តព្រះសីហនុ៖ ៣,២១៦ នាក់
* ខេត្តពោធិ៍សាត់៖ ២,៧៥៣ នាក់។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការកត់សម្គាល់ថា ចលនាភ្ញៀវទេសចរនេះ មិនមានការប្រែប្រួលខ្លាំងទេធៀបនឹងសប្តាហ៍កន្លងមក ពោលគឺភ្ញៀវភាគច្រើននៅតែជាភ្ញៀវក្នុងខេត្តនៅឡើយ ហើយភ្ញៀវទេសចរពីភ្នំពេញនៅមិនទាន់មានចំនួនច្រើននៅឡើយ។
ចំនួនភ្ញៀវទេសចរក្នុងរយៈពេល ៤សប្តាហ៍កន្លងមកនេះ ហាក់មានការកើនឡើងយឺតនៅឡើយ ដោយសារស្ថានភាពជំងឺកូវីដ-១៩ មានការកើនឡើងនៅតាមខេត្តមួយចំនួន ដែលធ្វើឲ្យអាជ្ញាធរនៅបន្តប្រយ័ត្នប្រយែងខ្លាំង ក្នុងការបើកទទួលភ្ញៀវទេសចរនៅតាមគោលដៅមួយចំនួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។