ផែនការគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់ ជាបរិបទមួយដ៏សំខាន់ នៅក្នុងដំណើរការស្តារ និងកសាងប្រទេសជាតិឡើងវិញ
ភ្នំពេញ៖ ផែនការសកម្មភាពគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន គឺជាការងារមួយដ៏ធំ និងមានសារៈសំខាន់បំផុត ដែលត្រូវតែយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់ សុខភាព អនាម័យ សុខុមាលភាពសាធារណៈ និង រក្សាបាននូវសោភ័ណភាពផងដែរ ការចាប់បដិសន្ធិនៃរាជាណាចក្រកម្ពុជាលើកទី២ នាឆ្នាំ១៩៩៣ ជាបរិបទមួយដ៏សំខាន់ នៅក្នុងដំណើរការស្តារ និងកសាងប្រទេសជាតិឡើងវិញ។
សន្តិភាព និងស្ថិរភាពពេញផ្ទៃប្រទេសចាប់តាំងពីឆ្នាំ១៩៩៨ ដែលបានមកពី នយោបាយឈ្នះ ឈ្នះ ជាប្រវត្តិសាស្ត្ររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គមគ្គុទេសក៍សន្តិភាព បង្រួបបង្រួមជាតិ ដែលបានដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត មានគោលនយោបាយដឹកនាំជាតិដ៏ត្រឹមត្រូវ និងច្បាស់លាស់ បាននាំឱ្យប្រទេសកម្ពុជា មានឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដី ដែលធ្វើឱ្យប្រជាជនកម្ពុជាទូទាំងប្រទេសបាន និងកំពុងរស់នៅក្នុងសុខសន្តិភាព សុខដុមរមនា សំបូរសប្បាយ និងពោរពេញទៅដោយមោទនភាពចំពោះសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់រាប់ពុំអស់។
ទន្ទឹមជាមួយគ្នានេះផងដែរ ដោយសារតែការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ដែលក្នុងនោះរួមមាន៖ ការអភិវឌ្ឍទីក្រុង ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធប្រឡាយទឹក សំណង់អាគារលំនៅស្ថាន ព្រមទាំងកំណើនប្រជាជនដែលរស់នៅទីក្រុង និងទីប្រជុំជនធំៗមានការកើនឡើងយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យបញ្ហាចោទឡើងពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងទឹកកខ្វក់សំណល់ គឺជាកង្វល់ដ៏ធំមួយ ដែលទាមទារឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនត្រូវយកចិត្តទុកដាក់ខ្ពស់លើការដោះស្រាយឱ្យសមស្រប ទាន់ពេលវេលា និងចំគោលដៅ។
ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាខាងលើ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយ ភាគីពាក់ព័ន្ធផ្សេងទៀត បានដាក់ចេញផែនការសកម្មភាពក្នុងការគ្រប់គ្រងទៅលើទឹកកខ្វក់ តាមរយៈ កិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនានានៅក្នុងការរៀបចំប្រព័ន្ធលូទឹកកខ្វក់ និងប្រព័ន្ធលូទឹកភ្លៀងដាច់ដោយឡែកពីគ្នា និងបង្កើតអាងប្រព្រឹត្តិកម្មទឹកកខ្វក់ឱ្យបានសមស្រប ដើម្បីប្រមូល និងធ្វើប្រព្រឹត្តិកម្មសម្អាតទឹកកខ្វក់ មុននឹងបង្ហូរចូលទៅក្នុងប្រភពទឹកធម្មជាតិ។
ជាមួយគ្នានេះផងដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយដៃគូពាក់ព័ន្ធនានា បាន និងកំពុងតែខិតខំប្រឹងប្រែងរៀបចំសេចក្តីព្រាងច្បាប់គតិយុត្តិ បទដ្ឋានបច្ចេកទេសក្នុងការសាងសង់ ជួសជុល ថែទាំ ប្រតិបត្តិការ គោលនយោបាយ និងយុទ្ធសាស្ត្រនានាទាក់ទងនឹងការគ្រប់គ្រង អភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅកម្ពុជាប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ដើម្បីសម្រេចឱ្យបាននូវសោភ័ណភាពទីក្រុង (ទីក្រុងបៃតង) និងភាពទាក់ទាញផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។