អភិបាលខេត្ត​កំពង់ស្ពឺ បញ្ជា​ឲ្យ​រុះរើ​ស្លាក​សញ្ញា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្រា​បៀរ​ទាំងអស់

​ខេត្តកំពង់ស្ពឺ​៖ អភិបាលខេត្ត​កំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង កាលពី​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២១​នេះ បាន​ជូនដំណឹង​ដល់​គ្រប់​ម្ចាស់​អាជីវកម្ម ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ភេសជ្ជៈ​ដ្ឋា​ន និង​ក្រុមហ៊ុន​ចែកចាយ​ស្រា​បៀ​ទាំងអស់​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ ជ្រាបថា កន្លងមក រដ្ឋបាលខេត្ត​កំពង់ស្ពឺ​បាន​សង្កេតឃើញថា មានការ​តម្លើង​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្រា​បៀ ជាច្រើន​នៅតាម បណ្ដោយ​ចិញ្ចើមផ្លូវ​សាធារណៈ​នានា ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ ដែល​បានធ្វើឱ្យ​បាត់បង់​នូវ​សោ​ភ័​ណ្ឌ​ភាព សេចក្តីថ្លៃថ្នូរ របៀបរៀបរយ និង​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ​។​

​ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូម​ថ្លែង​នូវ​ការ​កោត​ស​សើរ ចំពោះ​ការចូលរួម​សហការ​ពី​បណ្ដា​ម្ចាស់​អាជីវកម្ម ភោជនីយដ្ឋាន អាហា​រដ្ឋា​ន និង​ភេសជ្ជៈ​ដ្ឋា​ន​មួយចំនួន​ក្នុងការ​រុះរើ​ជា​បន្តបន្ទាប់ ដែលជា​គំរូ​ដ៏​ល្អ​សម្រាប់​ប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ស្ពឺ​។​

​ដើម្បី​មាន​សណ្តាប់ធ្នាប់ របៀបរៀបរយ​ល្អ ជាពិសេស​លើកកម្ពស់​សេចក្តីថ្លៃថ្នូ និង​រក្សាបាន​សោ​ភ័​ណ្ឌ​ភាព នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្ត​សូម​ស្នើឱ្យ លោក -​លោកស្រី ជា​ម្ចាស់​អាជីវកម្ម ក្រុមហ៊ុន​ចែកចាយ ស្រា​បៀ​ទាំងអស់ ដែលមាន​ការដាក់​តាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្រា​បៀ​នៅខាងមុខ​ហាង ឬ ជា​យីហោ​ហាង​គ្រប់ ប្រភេទ ដែល​បាន​ដាក់តាំង​ផ្សព្វផ្សាយ​នៅលើ​ចិញ្ចើមផ្លូវ​សាធារណៈ​ដែល​ច្បាប់​បានកំណត់ ត្រូវ​រុះរើ​ចេញ​ជាបន្ទាន់ ដោយ​ទុក​រយៈពេល ០១​សប្ដាហ៍ គិត​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។​

​ក្នុងករណី​ផុត​កាលបរិច្ឆេទ​កំណត់​ខាងលើ គ្រប់​ម្ចាស់​អាជីវកម្ម ក្រុមហ៊ុន​ចែកចាយ​ស្រា​បៀ​ទាំងអស់ ដែល​ពុំទាន់​បានធ្វើ​ការរុះរើ រដ្ឋបាលខេត្ត​នឹង​ចាត់​នីតិវិធី​រដ្ឋបាល រុះរើ ដោយ​បន្ទុក​ចំណាយ និង រាល់​ការខូចខាត គ្រប់​ម្ចាស់​អាជីវកម្ម​ទាំងអស់​ជា​អ្នកទទួលខុសត្រូវ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close