ប្រាសាទអង្គរវត្តរបស់កម្ពុជា ចាប់ចំណាត់ថ្នាក់លេខ១ ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតក្នុងពិភពលោក សម្រាប់ឆ្នាំ២០១៨នេះ
ប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ត្រូវបានទីភ្នាក់ងារប្រឹក្សាយោបល់លើការធ្វើដំណើរ (TripAdvisor) បានសម្រេចផ្តល់ចំណាត់ថ្នាក់លេខ១ ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុត ក្នុងចំណោមសំណង់ប្រវត្តិសាស្ត្រដ៏ល្បីៗក្នុងពិភពលោកចំនួន២៥ផ្សេងទៀត សម្រាប់ឆ្នាំ២០១៨នេះ។
យោងតាមការប្រកាសរបស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ការផ្តល់ចំណាត់ថ្នាក់នេះ បានធ្វើឲ្យអង្គរវត្តរបស់កម្ពុជា ទទួលបានចំណាត់លេខ១ជាប់ៗគ្នារយៈពេល៥ឆ្នាំ ពីគេហទំព័រល្បីៗក្នុងពិភពលោក ដូចជានៅឆ្នាំ២០១៤ អង្គរវត្តជាប់ចំណាត់ថ្នាក់លេខ១ នៅលើគេហទំព័រ ArchaeoMadness ជាតំបន់បុរាណវិទ្យា និងប្រវត្តិសាស្ត្រដែលទាក់ទាញបំផុតលើពិភពលោក, នៅដើមឆ្នាំ២០១៥ អង្គរវត្តទទួលបានចំណាត់ថ្នាក់លេខ១ ពីគេហទំព័រ TripAdvisor ជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដ៏ល្បីល្បាញលើពិភពលោក, នៅឆ្នាំ២០១៦ អង្គរវត្ត ជាប់លេខ១បន្ថែមទៀត លើគេហទំព័រ Lonely Planet ជារមណីយដ្ឋានទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញបំផុតលើពិភពលោក ហើយនៅឆ្នាំ២០១៧ និង២០១៨នេះ គេហទំព័រ TripAdvisor ក៏បានផ្តល់ចំណាត់ថ្នាក់លេខ១ ដល់ប្រាសាទអង្គរវត្តកម្ពុជា ក្នុងឋានៈជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតលើពិភពលោក។
ជាមួយនឹងមោទនភាពនេះ ក្រសួងទេសចរណ៍ សហការជាមួយអាជ្ញាធរជាតិអប្សរា ក៏ដូចជាអាជ្ញាធរខេត្តសៀមរាប និង TripAdvisor គ្រោងធ្វើពិធីទទួលពានរង្វាន់នៅទីតាំងខាងមុខបរិវេណប្រាសាទអង្គរវត្តនាព្រឹកថ្ងៃទី៩ សីហា ហើយនឹងធ្វើពិធីរាំលេងសប្បាយជាមួយការប្រគុំតន្ត្រីនៅតំបន់ Pub Street នាពេលរាត្រីថ្ងៃទី៩ សីហា ដដែលនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។