៥ខែ ឆ្នាំនេះ! កម្ពុជា នាំចូលជ្រូកសាច់ជាង ៤៥ម៉ឺនក្បាល ពីប្រទេសថៃ

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម បានឲ្យដឹងថា រយៈពេល៥ខែ ឆ្នាំ២០២១នេះ កម្ពុជា បាននាំចូលជ្រូកសាច់ពីប្រទេសថៃ ប្រមាណជាង ៤៥ម៉ឺន ៥ពាន់ក្បាល ដើម្បីឆ្លើយតបតម្រូវការក្នុងស្រុកដែល។

របាយការណ៍នេះ បង្ហាញទៀតថា បាននាំចូលជ្រូកពូជ (មេ-បា) ប្រមាណជាង ១ម៉ឺន ២ពាន់ក្បាល និងកូនជ្រូកពូជជាង ៥ម៉ឺន ៨ពាន់ក្បាលផងដែរ។ ក្រៅពីនាំចូលជ្រូករស់ កម្ពុជា ក៏បាននាំចូលសាច់ជ្រូកពីប្រទេសជិតខាងមកដែរ ដែលមានទម្ងន់ប្រមាណ ១៣០តោន ក្នុងចន្លោះពីខែមករា ដល់ខែឧសភា ឆ្នាំនេះ។ ចំណែកការនាំចូលជ្រូកឆ្លងកាត់ប្រទេសកម្ពុជា មានប្រមាណជាង ៥ម៉ឺនក្បាលផងដែរ។
បើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ បានឲ្យដឹងថា បច្ចុប្បន្នកម្ពុជា បានអនុញ្ញាតឲ្យនាំចូលជ្រូករស់តែពីប្រទេសថៃប៉ុណ្ណោះ ខណៈប្រទេសវៀតណាម ត្រូវបានផ្អាកការនាំចូលចាប់តាំងពីឆ្នាំ២០១៩ មកម្លេះ បន្ទាប់ពីមានករណីផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅតាមបណ្តាកសិដ្ឋានជាច្រើន នៅក្នុងប្រទេសនេះ ដែលបង្កក្តីបារម្ភពីការឆ្លងចូលមកក្នុងប្រទេសកម្ពុជា។

គួររំលឹកផងដែរថា កាលពីពេលថ្មីៗនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងទៅអាជ្ញាធរខេត្ត ដែលមានព្រំប្រទល់ជាប់ជាមួយនឹងព្រំដែនរបស់ប្រទេសវៀតណាម កុំឲ្យនាំចូលសត្វជ្រូកចូលមកកម្ពុជា ខណៈនៅដើមខែឧសភានេះ ប្រទេសវៀតណាម បានផ្ទុះជំងឺបេស្តជ្រូកអាហ្វ្រិកជាថ្មីទៀត ដែលមានការឆ្លងរាលដាលយ៉ាងឆាប់រហ័សដល់បណ្តាខេត្តជាប់ព្រំដែនកម្ពុជា។
ប្រភពដដែល បានបញ្ជាក់ផងដែរថា ផលិតកម្មចិញ្ចឹមជ្រូករបស់កម្ពុជា បានកំណើនគួរឲ្យកត់សម្គាល់ នៅក្នុងអំឡុងការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ផ្អែករបាយការណ៍ក្រសួងកសិកម្ម នៅឆ្នាំ២០២០ កសិដ្ឋានចិញ្ចឹមជ្រូកនៅកម្ពុជា មានចំនួន ៥៤៧កន្លែង និងមានសត្វក្នុងស្តុកចំនួន ១,៣៣លានក្បាល កើនឡើង ១៥,៩០% បើធៀបនឹងឆ្នាំ២០១៩។
ដោយឡែក នៅក្នុង១ថ្ងៃ អ្នកចិញ្ចឹមក្នុងស្រុកអាចផ្គត់ផ្គង់ជ្រូកសាច់ មានចន្លោះពី ៤ពាន់ក្បាល ទៅ ៦ពាន់ក្បាល រីឯតម្លៃសាច់ជ្រូកដែលលក់ចេញពីកសិដ្ឋានផ្ទាល់ មានតម្លៃពី ១ម៉ឺន ៣ពាន់ ទៅ ១ម៉ឺន ៤ពាន់រៀល និងជ្រូករស់ដែលកសិករលក់ចេញជាមធ្យមតម្លៃ ២០០ដុល្លារ ក្នុង ១ក្បាល។
យោងតាមរបាយការណ៍របស់អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ បានឲ្យដឹងថា នៅឆ្នាំ ២០២០ កន្លងទៅនេះ កម្ពុជា បាននាំចូលជ្រូកសាច់ (ជ្រូករស់) ប្រមាណ ១,៦៧លានក្បាល បានកើនឡើងប្រមាណ ១៩៣ភាគរយ បើធៀបនឹងឆ្នាំ ២០១៩៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។