គុំនំចាស់! យុវជន២នាក់ បើកម៉ូតូកង់បី បំបុកយុវជនម្នាក់ទៀត ស្លាប់នៅនឹងកន្លែង

ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ជនសង្ស័យចំនួន ២នាក់ ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីឃាតកម្មបើកម៉ូតូកង់បី បំបុកជនរងគ្រោះស្លាប់ម្នាក់នៅនឹងកន្លែង ត្រង់ចំណុចភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ កែវ យិនភី ហៅតួ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ រត់ម៉ូតូកង់បីឥណ្ឌា (មានផ្ទុកសារធាតុញៀន) និងឈ្មោះ រ៉េត បញ្ញា ហៅម៉ុក ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរកម្មករមើលម៉ូតូ (មានផ្ទុកសារធាតុញៀន)។ រីឯជនរងគ្រោះឈ្មោះ ម៉ុក អង្គាររស្មី ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំនៅផ្ទះជួល ភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។ ចំណែកវត្ថុតាងចាប់បាន ម៉ូតូកង់បីឥណ្ឌាចំនួន ០១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ១IQ-១៨០៨។
សមត្ថកិច្ចជំនាញ បានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យទាំង២នាក់ បានផឹកស្រាបៀរអស់ម្នាក់ ២កំប៉ុងនៅមុខផ្សារបឹងទំពន់ លុះក្រោមកក៏បើកម៉ូតូកង់បីឥណ្ឌា ហើយប្រទះឃើញជនរងគ្រោះ កំពុងជិះម៉ូតូកង់បីខ្មែរ១គ្រឿងទៀត ដោយធ្លាប់មានទំនាស់គ្នា ប្រហែលកន្លះខែមុនជាមួយគ្នា។ បន្ទាប់ពីជនរងគ្រោះចុះពីលើកង់បី មកប្រតាយប្រតប់ជាមួយជនសង្ស័យ ខណៈនោះជនរងគ្រោះបានរត់ទៅយកបន្ទះឈើ មកវាយជនសង្ស័យម្នាក់ ឲ្យរបួសដៃខាងឆ្វេង បន្ទាប់មកជនសង្ស័យម្នាក់ទៀត ចូលទៅជួយបក្ខពួកខ្លួន ស្រាប់តែជនរងគ្រោះបានរត់ចេញហើយ ទៅវាយកញ្ចក់មុខម៉ូតូកង់បីឥណ្ឌារបស់ជនសង្ស័យឲ្យបែកខ្ទេច ហើយក៏បានរត់គេចខ្លួន ពេលនោះជនសង្ស័យទាំង ២នាក់ ក៏បានបើកម៉ូតូកង់បីឥណ្ឌាដេញតាមពីក្រោយមកដល់កន្លែងកើតហេតុ ក៏បំបុកជនរងគ្រោះ ពីខាងក្រោយបណ្ដាលឲ្យដួលដាច់ផ្ងារ និងបានយកដុំថ្មទម្រជើងឆ័ត្រវាយបន្ថែមទៀត បណ្តាលឲ្យស្លាប់ រួចបើកម៉ូតូកង់បីឥណ្ឌានោះ រត់គេចខ្លួនបាត់តែម្ដង។
បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។