រដ្ឋបាលខេត្តសៀមរាប សម្រេចបិទការចេញ-ចូល ផ្សារសាមគ្គី ជាបណ្តោះអាសន្ន

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន៣នាក់ និងបានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ក្នុងចំណោមអ្នកទាំង៣នាក់ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ម្នាក់ មានអាសយដ្ឋាននៅភូមិស្ពានក្អែក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ជាអាជីវករលក់កាហ្វេ យីហោ ឧម៉ា លក់កាហ្វេ នៅប៉ែកខាងមុខឈាងខាងលិច នៃផ្សារសាមគ្គី ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ស្ត្រីរូបនេះ បានធ្វើដំណើរទៅចូលរួមពិធីបុណ្យសពសាច់ញាតិនៅរាជធានីភ្នំពេញ នៅចន្លោះថ្ងៃទី៨-៩ ខែឧសភា ឆ្នាំ២០២១ និងបានធ្វើដំណើរត្រឡប់មកខេត្តសៀមរាបវិញតាមរថយន្តក្រុង នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។
ពាក់ព័ន្ធនឹងករណីនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបិទការចេញ-ចូលជាបណ្ដោះ-អាសន្ន ក្នុងបរិវេណផ្សារសាមគ្គី ដែលស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ចាប់ពីកាលបរិច្ឆេទជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មីឡើងវិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។