អាជ្ញាធរខេត្តសៀមរាបចុះរុះរើ​សំណង់ពលរដ្ឋ​៩គ្រួសារ ដែល​ប៉ះពាល់​ដល់​ការ​ស្ថាបនាផ្លូវថ្មីក្នុងក្រុងសៀមរាប

សៀមរាប៖ នាថ្ងៃទី២៦ ខែឧសភានេះ សមត្ថកិច្ចចម្រុះ និងក្រុមការងារចម្រុះនៃរដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយលោក លី សំរិទ្ធ អភិបាលរងខេត្ត បានចុះទៅធ្វើការ​រុះរើ​សំណង់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន៩គ្រួសារ ស្ថិត​នៅ​ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលមិនព្រមទទួលយកការដោះដូររបស់អាជ្ញាធរ ខណៈ​ដែល​ផ្ទះ​របស់ពួកគាត់សង់​នៅ​លើប្រឡាយ​ដែល​ប៉ះពាល់​ដល់​ការ​ស្ថាបនាផ្លូវ នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៨ខ្សែក្នុងក្រុងសៀមរាប។

បើ​តាមការបញ្ជាក់របស់ លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាបថា តាមពិតទីតាំងនោះ គឺមានផ្ទះ​បងប្អូនប្រជាពលរដ្ឋសរុប​ចំនួន ១៩គ្រួសារ ដែលបានសង់​នៅលើចំណុចចន្លោះកណ្តាលនៃសំណង់ផ្លូវភ្លោះ ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ដោយ​ចំណុចនេះ នឹង​ត្រូវ​ធ្វើការរៀបចំជាសួនច្បារ និង កន្លែងបងប្អូនដើរកម្សាន្ត និង ហាត់ប្រាណ ដែលជាគោលដៅប្រែក្លាយក្រុងសៀមរាបជាក្រុងវ៉ៃឆ្លាត ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ។

ក្រោយ​ពីមានការ​សម្របសម្រួល​ពីរដ្ឋបាល​ខេត្ត​សៀមរាប បងប្អូនប្រជាពលរដ្ឋ​​ចំនួន១០គ្រួសារ​បានចូលរួមចាប់ឆ្នោតទទួលយកប្លង់ដីថ្មី ស្ថិតនៅភូមិអភិវឌ្ឍ រុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី និងរុះរើផ្ទះសម្បែងរបស់ខ្លួនដោយស្ម័គ្រចិត្ត ចេញពីគម្រោងស្ថាបនាផ្លូវភ្លោះនោះ ដោយ​នៅ​សល់​ពលរដ្ឋ​ចំនួន៩គ្រួសារទៀតមិនព្រមរុះរើ។

យ៉ាងណាក៏ដោយ អាជ្ញាធរបានប្រើ​យន្តការណ៍​សម្របសម្រួល​អស់​ប្រមាណជាង​៣ខែទៅ​ហើយ ទើប​នៅថ្ងៃនេះ ក៏​ឈាន​ដល់​ការ​រៀបចំកម្លាំង​ចុះ​មក​ធ្វើការ​រុះរើសំណង់ដែលធ្វើ​ឲ្យ​រាំងស្ទះ​ដល់កិច្ច​ដំណើរការ​ស្ថាបនា​ផ្លូវនេះ។

បន្ទាប់​ពីកម្លាំង​ចម្រុះរបស់រដ្ឋបាលខេត្តរដ្ឋបាលខេត្ត​សៀមរាប ចុះទៅអនុវត្ត​ការ​រុះរើ គេ​ឃើញ​បងប្អូនប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​ចំនួន៩ខ្នងផ្ទះនោះ ​បានស្ម័គ្រ​ចិត្ត​ចាប់ឆ្នោតទទួលយកប្លង់ដីថ្មី ដែល​អាជ្ញាធរ​បាន​រៀបចំ​ឲ្យ​នៅ​ស្រុកបន្ទាយស្រីនោះដោយសន្តិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close