កម្មកររោងចក្រ​មួយ​នៅ​ខេត្ត​ស្វាយរៀងទម្លុះបារាសអាជ្ញាធរ មិនព្រមឲ្យ​យកសំណាក (វីដេអូ)

នៅល្ងាចថ្ងៃទី ២៦ ឧសភានេះ កម្មករ​រាប់រយនាក់ នៃរោងចក្រតម្លើងកង់ អេ អេន ជេខេមបូឌា (A and J) ស្ថិត​ក្នុង​តំបន់សេដ្ឋកិច្ចពិសេស តាយ សេង ក្នុងក្រុងបាវិត ខេត្ត​ស្វាយរៀង​ បាននាំគ្នាទម្លុះបារាសរបស់សមត្ថកិច្ចដាក់ព័ទ្ធ​មិន​ឲ្យ​ពួកគេ​ចេញមក​ក្រៅ រង់ចាំយកសំណាកតេស្តរកវីរុស​កូវីដ១៩។

គួរ​បញ្ជាក់ថា នៅ​រសៀលថ្ងៃនេះ អាជ្ញាធរ​ខេត្តស្វាយរៀង​បាន​សម្រេច​យក​សំណាក​កម្មករ​រោងចក្រ​នោះ​ដែលមាន​ចំនួនប្រមាណជិត១ពាន់នាក់ ហើយជា​ជំហ៊ានដំបូង គេ​បានរកឃើញករណីវិជ្ជមានជិត៦០នាក់។ ដោយ​ការ​ភ័យខ្លាច​ក្រុមកម្មករក៏​បាន​នាំគ្នា​សម្រុក​នាំគ្នារត់ចេញ​ពី​កន្លែង​យកសំណាក​តែម្តង។

យ៉ាងណាក៏ដោយ នៅ​ល្ងាចថ្ងៃនេះ រដ្ឋបាលខេត្តស្វាយរៀង បានធ្វើការ​អំពាវនា​វដល់កម្មករ កម្មការិនី ដែលធ្លាប់បានទាក់ទងចេញចូលធ្វើការនៅក្នុងរោងចក្រដំឡើងទោចក្រយាន អេ អេន ជេ (ខេមបូឌា) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយ សេង ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង សូមធ្វើចត្តាឡីស័កនៅផ្ទះតាមដានសុខភាព និងត្រូវចូលរួមសហការជាមួយអាជ្ញាធរ ក្នុងករណីខ្លួនមានការសង្ស័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close