អាជ្ញាធរខេត្តស្វាយរៀង បញ្ជាក់ថា កម្មករដែលរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក គឺ មានការអនុញ្ញាត និងសុទ្ធតែអ្នកអវិជ្ជមានកូវីដ-១៩

ខេត្តស្វាយរៀង៖ បន្ទាប់ពីមានវីដេអូបង្ហោះនៅក្នុងហ្វេសបុក (facebook) រួចមក រដ្ឋបាលខេត្តស្វាយរៀង កាលពីល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ បានធ្វើការបញ្ជាក់ជូនដល់សាធារណជន និងអ្នកលេងបណ្តាញសង្គមហ្វេសបុក ក៏ដូចជាអ្នកសាព័ត៌មានផងដែរ។
បើតាមរដ្ឋបាលខេត្តស្វាយរៀង បានអះអាងថា ពួកគាត់ជាកម្មករដែលកំពុងធ្វើចត្តាឡីស័ក និងបានយកសំណាកជាលើកទី២ ហើយលទ្ធផលពួកគាត់ជាអ្នកអវិជ្ជមានកូវីដ-១៩។ ករណីនេះ ក្រុមការងារយកសំណាក និងអាជ្ញាធរពាក់ព័ន្ធបានអនុញ្ញាតឱ្យពួកគាត់ចាកចេញទៅលំនៅដ្ឋានដើម្បីធ្វេីចត្តាឡីស័កតាមដានសុខភាពបន្ត។ ចំពោះអ្នកដែលរកឃើញវិជ្ជមានកូវីដ-១៩ ត្រូវបានក្រុមគ្រូពេទ្យបញ្ចូនទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ នៅក្រុងបាវិត។
រដ្ឋបាលខេត្តស្វាយរៀង ក៏បានបញ្ជាក់ដែរថា ចំពោះការបញ្ចេញបញ្ចូលសម្លេង ដែលអ្នកថតវីដេអូនៅខាងក្រៅពេលកម្មករដើរចេញ និងអត្ថាធិប្បាយខុសពីអ្វីដែលអាជ្ញាធរ និងក្រុមគ្រូពេទ្យបានធ្វើការនៅខាងក្នុងផ្ទាល់ជាមួយកម្មករ។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តស្វាយរៀង បានប្រាប់ទៅកម្មករកម្មការិនីដែលទៅចត្តាឡីស័កនៅតាមផ្ទះ ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ ត្រូវប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩ សូមរាយការណ៍ទៅអាជ្ញាធរជាបន្ទាន់ ដើម្បីមានវិធានការណ៍បន្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។