៥​ខែ​ដំបូង ឆ្នាំនេះ​! វៀត​ត​ណា​ម ទំហំ​កើនឡើង​ប្រមាណ ១៤​ពាន់​លាន​ដុល្លារ

​វៀតណាម​៖ ទំហំ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​ប្រទេស​វៀតណាម​បាន​កើនឡើង​០.៨​ភាគរយ ក្នុងពេល​៥​ខែ​ដំបូង​នៃ​ឆ្នាំ​២០២១ បើ​ធៀប​នឹង​ពេល​ដូចគ្នា កាលពី​ឆ្នាំ​២០២០ នេះ​បើតាម​ក្រសួងផែនការ​និង​វិនិយោគ​វៀតណាម ចេញផ្សាយ​កាលពី​ថ្ងៃទី​២៧ ឧសភា ២០២១ ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន VNexpress​។​

​ក្រសួង​ថា ការវិនិយោគ​បរទេស​ក្នុងពេល​៥​ខែ មកនេះ មាន​ចំនួន​១៤​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងចំណោម​នេះ មាន​គម្រោង​ចុះបញ្ជី​ថ្មី​ចំនួន​៦១៣​គម្រោង មាន​ទំហំ​វិនិយោគ​៨.៨៣​ពាន់​លាន​ដុល្លារ​អាមេរិក​។ សិង្ហ​បុរី​គឺជា​ប្រទេស​វិនិយោគ​បរទេស​ធំជាងគេ មាន​ជាង​៣៧​ភាគរយ ហើយ​ក្រៅពីនេះ ក៏មាន​ជប៉ុន កូរ៉េខាងត្បូង ចិន ជាដើម​។​

​ប្រភព​បន្ថែមទៀតថា ការវិនិយោគ​ទាំងនោះ​មាននៅ​ខេត្ត​ក្រុង​ចំនួន​៥៦ ក្នុងនោះ តំបន់​ភាគខាងត្បូង​ចំនួន​៤ មាន​ច្រើនជាងគេ មានដូចជា Long An និង Can Tho ជាដើម ដែល​បាន​ទាក់ទាញ​ការវិនិយោគ ៣.៣៥​ពាន់​លាន​ដុល្លារ និង ១.៣២​ពាន់​លាន​ដុល្លារ ខណៈ​តំបន់​ពាណិជ្ជកម្ម​ហូ​ជី​មី​ញ មាន​១.៣៤​ពាន់​លាន​ដុល្លារ​អាមេរិក និង​ក្រុង Binh Duong ១.១​ពាន់​លាន​ដុល្លារ​អាមេរិក​។​

​គួររម្លឹកថា កាលពី​ឆ្នាំ​២០២០ ទំហំ​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) នៅ​វៀតណាម​បាន​ធ្លាក់ចុះ​២៥​ភាគរយ ដោយសារតែ​ការ​រា​ត្បា​តនៃ​ជំងឺ​កូ​វីដ​១៩ ក្នុងនោះ មាន​សរុប​២៨.៥​ពាន់​លាន​ដុល្លារ​អាមេរិក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close