ផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត សម្រេចជាង ៩៨%ហើយ
ភ្នំពេញ៖ គិតរហូតមកទល់ពេលនេះ នៅសេសសល់តែការងារមួយចំនួនតូចប៉ុណ្ណោះ បច្ចុប្បន្ននេះក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពន្លឿនការងារ បំពាក់កាមេរ៉ាចាប់ល្បឿនយានយន្ត កាមេរ៉ាសុវត្ថិភាព ជញ្ជីងថ្លឹងទម្ងន់ក្រោមដី និងជញ្ជីងថ្លឹងទម្ងន់នៅក្នុងស្ថានីយ៍ ដោយឡែក ស្ពានអាកាសថ្មើជើងនៅលើកំណាត់ផ្លូវជាតិលេខ៣ ឋិតនៅម្ដុំត្រាំខ្នាគ្រោងនឹងបញ្ចប់ការងារទាំងស្រុងក្នុងចុងខែមិថុនា ឆ្នាំ២០២១ខាងមុខ ពោលគឺក្នុងរយៈពេលមួយខែទៀតចាប់ពី ពេលនេះតទៅ។
ក្រសួងសង្ឃឹមយ៉ាងមុតមាំថា៖ បងប្អូនប្រជាពលរដ្ឋ និងអាជីវករដែលកំពុងរស់នៅអាស្រ័យផលតាម បណ្តោយផ្លូវនេះ នឹងសហការជាមួយក្រសួង ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធ្វើឱ្យប្រសើរឡើង ដល់បរិស្ថានរស់នៅរបស់បងប្អូនមានសោភ័ណភាពស្អាត ដូចជាការដាំដើមរុក្ខជាតិ ឬដាំស្មៅលម្អន្ថែមជាដើម និងសូមអំពាវនាវសុំឱ្យបងប្អូនមេត្តាចូលរួមថែរក្សាផ្លូវនេះឱ្យបានគង់វង្សប្រកបដោយសោភ័ណភាព សុវត្ថិភាពក្នុងការធ្វើដំណើរ អាចប្រើប្រាស់បានយូរអង្វែង និងជួយសន្សំសំចៃថវិកាជាតិផងដែរ។
សូមបញ្ជាក់ផងដែរថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ដែលមាន ប្រវែងសរុប១៣៤,៧៩៦ គីឡូម៉ែត្រនេះ ត្រូវបានចែកជាពីរដំណាក់កាល៖ ដំណាក់កាលទី១ពីចោមចៅ (ភ្នំពេញ) ទៅបែកគុស (ខេត្តតាកែវ) ប្រវែង៧០ គីឡូម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) កម្រាស់៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង (២គន្លងទៅ២គន្លងមក)។ ដំណាក់កាលទី២ ពីបែកគុសទៅក្រុងកំពត ប្រវែង៦៤,៨២៦គីឡូម៉ែត្រ ជាប្រភេទផ្លូវAC កម្រាស់ ៧សង់ទីម៉ែត្រ ពង្រីកទទឹងតួផ្លូវ រហូតដល់១២ ម៉ែត្រ ចែកជា២គន្លង។
គម្រោងនេះចំណាយថវិកា សរុបប្រមាណ ២១៩ ៩១១ ០០០ដុល្លារអាម៉េរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋ ប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) ត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ប្រើប្រាស់រយៈពេលសាងសង់៤៨ខែ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។