ទេសចរជាង ១៩ម៉ឺននាក់ បានចេញកម្សាន្តតាមគោលដៅទេសចរណ៍នានា ក្នុងខែឧសភានេះ
ភ្នំពេញ៖ រយៈពេលពេញ១ខែឧសភា ឆ្នាំ២០២១នេះ នៅទូទៅប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរសរុប ១៩៤,០២៥នាក់ ក្នុងនោះមានភ្ញៀវជាតិ ១៩១,៨២០នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២,២០៥នាក់។
បើតាមឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ថា គោលដៅទេសចរណ៍សំខាន់ៗ ដែលមានសកម្មភាពទេសចរណ៍ច្រើនជាងគេ រួមមាន៖ ខេត្តកំពត ខេត្តបាត់ដំបង ខេត្តកែប ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។
ចំនួននេះមានការកើនឡើងប្រមាណ ៦៩៦.៣៣% ធៀបនឹងខែមេសា ដោយសារក្នុងខែមេសា រាជរដ្ឋាភិបាលបានផ្អាកដំណើរការរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសជាបណ្តោះអាសន្ន រយៈពេលជាងពីរសប្តាហ៍ ចាប់ពីថ្ងៃទី០៧-២៥។
រមណីយដ្ឋានគោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ បានចាប់ផ្តើមបើកដំណើរឡើងវិញជាបណ្តើរៗ ចាប់ពីរាជរដ្ឋាភិបាលបានបើកដំណើរការរមណីយដ្ឋានទេសចរណ៍ឡើងវិញរហូតដល់ដំណាច់ចុងខែឧសភានេះ ដោយបានអនុវត្តយ៉ាងហ្មត់ចត់តាមវិធានការ «៣ កុំ» និង «៣ ការពារ» រួមជាមួយវិធានសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។