កោះ​ព្រហ្មចារី ជាទី​ស័ក្តិសម​បំផុត​សម្រាប់​ដំណើរ​កម្សាន្ត​បែប​អេកូ​ទេសចរណ៍

​ខេត្តក្រចេះ​៖ កោះ​ព្រហ្មចារី ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅក្នុង «​សហគមន៍​អេកូ​ទេសចរណ៍​កោះ​ព្រហ្មចារី​ជ្រោយ​បន្ទាយ​» ដែលមាន​ទីតាំង​ស្ថិតនៅ​ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ពោល​គឺមាន​ចម្ងាយ​ប្រមាណ​ជិត ២០ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តក្រចេះ​។

​ធម្មជាតិ​ដ៏​ស្រស់ត្រកាល​នៅតាម​ទីប្រជុំ​កោះ​នេះ គឺ​ផ្សារភ្ជាប់​ទៅនឹង​សក្តានុពល​ដ៏​សម្បូរបែប​នៃ​ដង​ទន្លេមេគង្គ​។​ ​ការធ្វើដំណើរ​ទៅកាន់​សហគមន៍​នេះ គឺ​ខុសពី​ការ​ទៅ​ទស្សនា​នៅ​ទី​ទេសចរណ៍​ផ្សេងទៀត ដោយ​ភ្ញៀវទេសចរ​ត្រូវធ្វើ​ដំណើរ​តាម​ទូក​កាណូត​កាត់​ដង​ទន្លេមេគង្គ នៅ​កំពង់ចម្លង​ឫស្សី​ចារ​-​ជ្រោយ​បន្ទាយ ដើម្បី​បាន​ឆ្លង​ទៅដល់​សហគមន៍​អេកូ​ទេសចរណ៍​មួយ​នេះ​។ ទៅដល់​សហគមន៍ ភ្ញៀវទេសចរ​អាច​សម្រាក និង​ទទួលទាន​អាហារ​នៅផ្ទះ​ស្នាក់ (Home Stay) របស់​ប្រជា​សហគមន៍​មួយពេល​សិន មុន​បន្តដំណើរ​តាម​កាណូត​ឆ្ពោះទៅ​ប្រជុំ​កោះ​នៅក្នុង​ក្ដី​សុ​បិ​ន្ត​។​

​រំលេច​ឆោមឆើត​កណ្ដាល​ជលសា កោះ​ព្រហ្មចារី​ប្រៀប​ដូច​វិមាន​ទេសចរណ៍​អណ្ដែត​លើ​ផ្ទៃ​គង្គា​យ៉ាង​ស្រស់ត្រកាល​។
​ឆ្នេរ​ខ្សាច់​សក្បុស​ប៉ប្រះ​មាត់ទឹក ជាទី​ស័ក្តិសម​បំផុត​សម្រាប់​ការបោះ​តង់​សម្រាក​នៅពេល​រាត្រី​។ ម្យ៉ាងវិញទៀត ភ្ញៀវទេសចរ​អាច​គយ​គន់​សម្រស់​ជលធារា​នាពេល​ព្រះ​សូរិយា​រៀប​អស្តង្គត និង​ទទួលទាន​អាហារ​ពេល​ល្ងាច​ដែល​ប្រជា​សហគមន៍​រៀបចំ​ជូន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close