ច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តឺនណាម បើកឲ្យដំណើរការជាបណ្តោះ អាសន្ន

ព្រៃវែង៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តឺនណាម បានដាក់ឲ្យ​ដំណើរ​ការ​ជាបណ្តោះអាសន្នត្រឹមកម្រិតថ្នាក់ខេត្ត នៃខេត្តព្រៃវែង(កម្ពុជា) និងខេត្តតៃនិញ(វៀតណាម) ក្រោយអធិបតី​របស់ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង, ឯកឧត្តម សួស ប្រាថ្នា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ។

លោក អ៊ុំ ប៉ូល័ក្ខ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រុំដែនអន្តរជាតិម៉ឺនជ័យបានលើកឡើងថា ក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ជា សុមេធី អភិបាលខេត្តបានធ្វើឲ្យច្រកទ្វារព្រុំដែនអន្តរជាតិម៉ឺនជ័យនេះមានការរីកចំរើនយ៉ាងច្រើនជាខ្លាំង។ ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ មានទីតាំងភូមិសាស្ត្រខាងកើតទល់នឹងស្ទឹង ឆ្លងស្ពានថ្មជាប់នឹងប៉ុស្តិ៍ ៨៣៣ ស្ថិតនៅក្នុង ភូមិតាំងណាម ឃុំតឹងប៊ិន ស្រុកតឹងបៀង ខេត្តតៃនិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម មានគោលខ័ណ្ឌសីមាទន្លេព្រំដែន ចែកដាច់ពីគ្នា ដោយយកខ្សែទឹកពាក់កណ្តាលម្ខាងម្នាក់ជាខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម។

កម្ពុជាបានសហការជាមួយភាគីវៀតណាមក្នុងការបង្កលក្ខណៈងាយស្រួលដល់ការឆ្លងកាត់ និងការដោះដូរទំនិញលក្ខណៈព្រំដែន ពិសេសទំនិញផ្នែកកសិកម្មជូនប្រជាពលរដ្ឋ។ បានសហការជាមួយភាគីវៀតណាមក្នុងការ ក្នុងការហាមឃាត់ដូចជាអំពើរត់ពន្ធ ឧក្រិដ្ឋកម្ម ការជួញដូរ និងបទល្មើសផ្សេងៗឆ្លងដែនខុសច្បាប់ និងបានសហការជាមួយភាគីវៀតណាមក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺផ្សេងៗ ជាពិសេសគឺជំងឺ កូវីដ១៩ ដែលកំពុងកើតមាននៅទូទាំងពិភពលោក ដោយអនុវត្តតាមវិធានការ និងគោលការណ៍ណែនាំរបស់រាជរដ្ឋ ភិបាល និងក្រសួងសុខាភិបាល ពិសេសវិធានការ ៣ការពារ និង៣កុំ។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់ មន្ត្រីគយ មន្ត្រីប្រចាំការទាំងអស់ នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យនេះបានយ៉ាងល្អប្រសើរ នាពេលកន្លងមកនេះ។ ក្នុងនោះដែរឯកឧត្តម អភិបាលខេត្តនែនាំដល់មន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិមិនម៉ឺនជ័យនេះត្រូវបន្តខិតខំធ្វើការងារ ទាំងអស់នេះជាបន្តទៀតឱ្យមានប្រសិទ្ធភាពខ្ពស់ និងធានាបាននូវការជឿទុកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលគាត់ ឆ្លងកាត់ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលគាត់ដឹកទំនិញចេញចូលតាមច្រកទ្វារអន្តរជាតិនេះ។

ក្នុងនោះឯកឧត្តម អភិបាលខេត្តក៏នៅតែណែនាំដល់មន្ត្រីប្រចាំការនៅតាមច្រកទ្វារអន្តរជាតិនេះត្រូវតែបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជាសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ដែលត្រូវអនុវត្តឲ្យបាននូវវិធានការ ៣ ការពារ ៣កុំ ដើម្បីបង្កាទប់ស្កាត់ការរីករាលដាលឆ្លងនៃជំងឺកូវីដ19 រវាងប្រទេសទាំងពីរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close