ឯកឧត្តម សាយ សំអាល់ ៖ សហគមន៍ជាដៃគូសន្ទនាជាមួយរាជរដ្ឋាភិបាល ក្នុងការធានានិរន្តរភាពនៃការគ្រប់គ្រងធនធានធម្មជាតិ
ការបង្កើតបណ្តាញសហគមន៍នៅតាមតំបន់ការពារធម្មជាតិ ជាដៃគូសន្ទនារវាងប្រជាសហគមន៍និងរាជរដ្ឋាភិបាល ផ្លាស់ប្តូរយោបល់ ស្វែងរកដំណោះស្រាយរួមគ្នា ផ្តល់ការទទួលខុសត្រូវក្នុងការគ្រប់គ្រងនិង ចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិឱ្យមាននិរន្តរភាព។ នេះជាប្រសាសន៍លើកឡើង របស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃចន្ទ ៤រោច ខែជេស្ន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០២១ ក្នុងឱកាសជួបសំនេះសំណាល និងផ្តល់ម៉ូតូជូនគណៈកម្មាធិការបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់តំបន់នាទីស្តីការក្រសួងបរិស្ថាន។
ឯកឧត្តម រដ្ឋមន្រ្តី មានប្រសាសន៍បន្ថែមថា ក្រសួងបរិស្ថាននឹងខិតខំពង្រឹងភាពជាដៃគូដ៏ល្អក្នុងការកសាងសហគមន៍ឲ្យមានការរីកចម្រើន ហើយភាពជាដៃគូសហការនេះ មានសារៈសំខាន់ ដែលផ្តល់ឱកាសឱ្យសហគមន៍តំបន់ការពារធម្មជាតិ អាចផ្លាស់ប្តូរបទពិសោធន៍ ក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងការអភិរវឌ្ឍន៍ជីវភាពសហគមន៍ និងអាចលើកឡើងពីបញ្ហាប្រឈម និងដំណោះស្រាយជាមួយមន្រ្តីជំនាញ និងក្រសួងបរិស្ថាន ដើម្បីពង្រឹងកិច្ចសហការល្អថែមទៀតក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់។
ឯកឧត្តម សាយ សំអាល់ បានសង្កត់ធ្ងន់ថា ជីវភាពសហគមន៍មូលដ្ឋានមានភាពប្រសើរ លុះត្រាតែគ្រួសារប្រជាសហគមន៍ មានអាហារហូបចុកគ្រប់គ្រាន់ មានសុខភាពល្អ រស់នៅប្រកបដោយអនាម័យស្អាត និងកូនចៅបានបន្តការសិក្សាបានខ្ពង់ខ្ពស់។
ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្រ្តី បានលើកទឹកចិត្តឲ្យសហគមន៍ជំរុញផលិតកម្មអាហារនៅតាមមូលដ្ឋាន ជាពិសេសពង្រឹងលើធនធានអ្វីដែលសហគមន៍មានស្រាប់ដូចជាការដាំដុះដំណាំរួមផ្សំផ្សេងៗ និងការចិញ្ចឹមសត្វ ដែលជួយឲ្យគ្រួសារប្រជាសហគមន៍ មានស្បៀងអាហារបរិភោគគ្រប់គ្រាន់ មានសុខភាពល្អបរិបូណ៍ មានកម្លាំងប្រាជ្ញាវាងវៃ និងបង្កើនជីវភាពគ្រួសារតាមរយៈការលក់ចេញផលិតផលនានា ទៅកាន់ទីប្រជុំជន ទៅកាន់ទីផ្សារនានានៅរាជធានីភ្នំពេញបន្ថែមទៀត។ បន្ថែមពីនេះសហគមន៍មួយចំនួនមានសក្តានុពលក្នុងការបង្កើតជាទេសចរណ៍ធម្មជាតិ ដែលអាចជួយឱ្យប្រជាពលរដ្ឋមូលដ្ឋានមានសេដ្ឋកិច្ចរឹងមាំមួយកម្រិតទៀត តារយៈការផ្តល់សេវាទេសចរណ៍ល្អ ដូចជា ម្ហូបអាហារ បន្លែ ត្រី សាច់ និងវត្ថុអនុស្សាវរីយ៍ ជូនដល់អ្នកទេសចរណ៍ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។