អ្នកបណ្តាក់ទុន លើកគ្នាទៅតវ៉ាដល់មុខក្រុមហ៊ុន GFX ក្រោយគ្មានដំណោះស្រាយរឿងស៊ីដាច់លុយរាប់សែនដុល្លារ
កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ម្សិលមិញ ក្រុមអ្នកដែលយកលុយទៅបណ្តាក់ទុនតាមរយៈក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៊ិនវេសម៉ិន (GOLDFX INVESTMENT CO.,LTD) រឺហៅកាត់ថា ជីអ្វេហអិក (GFX) បានលើកគ្នាទៅធ្វើការតវ៉ានៅខាងមុខក្រុមហ៊ុន GFX ស្ថិតនៅផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ក្រោយពីក្រុមហ៊ុនគ្មានដំណោះស្រាយរយៈពេលប្រមាណ២ខែមកហើយ រឿងស៊ីដាច់លុយរាប់សែនដុល្លារ។
តាមការលើកឡើងរបស់អ្នកតវ៉ាថា មុននឹងឈានដល់ការធ្វើបែបនេះ ដោយសារនិយ័តករមូលបត្រកម្ពុជាកាលពីពេលកន្លងមកបានចេញសេចក្តីជូនដំណឹង ក៏ដូចជាប្រាប់ថា កំពុងស្វែងរកដំណោះស្រាយជុំវិញសំណុំរឿងគណនីរបស់អតិថិជនដែលធ្វើការវិនិយោគជាមួយក្រុមហ៊ុន GFX ដែលបានបាត់បង់លុយនេះ ប៉ុន្តែរហូតមកដល់ពេលនេះរយៈពេលប្រមាណ ២ខែហើយនៅតែស្ងាត់ដំណឹងសូន្យឈឹង ទាំងប្រាក់ចំណេញ និងប្រាក់ដើម ក៏មិនអាចដកបាន។
ពួកគាត់បាននិយាយថា គាត់បានវិនិយោគដោយទិញឧបករណ៍និស្សន្ទតាមរយៈក្រុមហ៊ុន GFX ជាយូរឆ្នាំហើយដែរ ប៉ុន្តែកាលពីខែមីនា ឆ្នាំ២០២១កន្លងទៅនេះ គណនីវិនិយោគរបស់ពួកគាត់ បានបាត់បង់លុយ ហើយពួកគាត់បានសុំឱ្យក្រុមហ៊ុនដោះស្រាយជូនវិញ។
ពាក់ព័ន្ធនឹងករណីនេះ យើងមិនអាចស្វែងរកការបកស្រាយពីក្រុមហ៊ុន GFX ក៏ដូចជាខាងនិយ័តករមូលបត្រកម្ពុជាបានទេនៅថ្ងៃនេះ។
បើតាមការជូនដំណឹងរបស់ក្រុមហ៊ុន GFX កាលពីកំឡុងខែមីនាបានឲ្យដឹងថា ក្រុមហ៊ុននេះបានសម្រេចផ្អាកប្រតិបត្តិការរបស់ខ្លួន ក្រោយពីធ្វើសវនកម្មរកឃើញថា បុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុនជាជនជាតិបរទេសបានកឹបកេងយកប្រាក់របស់អតិថិជន ហើយបានរត់គេចខ្លួន, ក្នុងនោះដែរ ក្រុមហ៊ុនក៏បានស្នើដល់អ្នកវិនិយោគឲ្យចូលរួមប្តឹងអ្នកកឹបកេងទាំងនោះ តែអ្នកវិនិយោគបាននិយាយថា ពួកគេបានវិនិយោគជាក្រុមហ៊ុន ដូច្នេះក្រុមហ៊ុនត្រូវតែជាអ្នកទទួលខុសត្រូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។