៥​ខែ ដើមឆ្នាំ​នេះ កម្ពុជា សម្រេចការ​នាំចេញ​កសិផល​ទៅ​ក្រៅប្រទេស​ប្រមាណ​ជាង ៤​លាន​តោន កើនឡើង​ជិត​៩០%

​ភ្នំពេញ​៖ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​បង្ហាញថា ដោយ​យោងតាម​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ភូតគាម​អនាម័យ​ជាតិ នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​៥​ខែ ដើមឆ្នាំ​២០២១​នេះ ការនាំចេញ​កសិផល​ទៅ​ក្រៅប្រទេស​មាន​បរិមាណ​ស​រុ​ប ៤ ១៨៧ ២៥៧,៤៣​តោន ទៅកាន់​ទិសដៅ ៥៧​ប្រទេស គឺមាន​ការកើនឡើង​ចំនួន ១ ៩៧៥ ៥៤៧,៥៦​តោន ស្មើនឹង ៨៩,៣២% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០ ដែល​ទទួលបាន​ត្រឹមតែ ២ ២១១ ៧០៩,៨៧ តោន​។

​ឯកឧត្តម​រដ្ឋមន្ត្រី បានបញ្ជាក់​ទៀតថា កសិផល​សំខាន់ៗ ដែល​បាន​នាំចេញ មាន​ដូចខាងក្រោម​៖
១.​ការនាំចេញ​អង្ករ នាំចេញ​មាន​ចំនួន ២៣៣ ០៣១​តោន មានការ​ថយចុះ -៣៤,៥៦%
២.​ការនាំចេញ​ស្រូវ នាំចេញ​មាន​ចំនួន ១ ៦១៤ ២១១​តោន កើនឡើង​៨២%
៣.​ការនាំចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ មាន​ចំនួន ៣ ០៩៩ ០២៣,៩១​តោន កើនឡើង​៦៧% ក្នុងនោះ​រួមមាន​៖ ចំណិត​ដំឡូង​មី​ក្រៀម ដំឡូង​មី​ស្រស់ ម្ស៉ៅ​ដំឡូង​មី កាកសំណល់​ដំឡូង​មី គ្រាប់ពោត គ្រាប់​សណ្តែកបាយ គ្រាប់​សណ្តែកសៀង ផ្លែ​ចេក​ស្រស់ ផ្លែ​ក្រូចថ្លុង ផ្លែស្វាយ​ស្រស់ ដំណាប់​ស្វាយ ទឹក​ស៊ី​រ៉ូ​ស្វាយ ដូងប្រេង ម្រេច ថ្នាំជក់ បន្លែ​ចម្រុះ ម្ទេស​ស្រស់ ម្ទេស​ក្រៀម និង​ផលិតផល​ចំនួន ៥០​មុខ​ផ្សេងទៀត​។​
៤. តម្លៃ​នៃ​ការនាំចេញ​កសិផល​៖
​ការប៉ាន់ស្មាន​តម្លៃ​ដែល​ទទួលបាន​ពី​ការនាំចេញ​កសិផល មាន​ចំនួន ២ ២៣៥ ៥៨២ ៧៣៦,៧២​ដុល្លា​អាមេរិក​។
៥. សន្និដ្ឋាន​៖ ការនាំចេញ​កសិផល​ស​រុ​ប​ក្នុង​រយៈពេល​៥​ខែ ដើមឆ្នាំ​២០២១ មាន​កំណើន​ចំនួន ៨៩,៣២% ក្នុងនោះ​កសិផល ក្រៅពី​អង្ករ​មានការ​កើនឡើង​ចំនួន ១១៣,១០% រីឯ​ការនាំចេញ​អង្ករ​មានការ​ថយចុះ​ចំនួន -៣៤,៥៦% ដោយសារ​តម្លៃ​ដឹកជញ្ជូន​មានការ​កើនឡើង​ខ្ពស់​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close