អាជ្ញាធរខេត្តតាកែវ បិទក្នុងផ្សារតាកែវ និងបរិវេណជុំវិញផ្សារ និងឲ្យអាជីវករទាំងអស់ត្រូវទៅយកសំណាក

ខេត្តតាកែវ៖ រដ្ឋបាលខេត្តតាកែវ បានចេញសេចក្ដីសម្រេចការផ្អាកជាបណ្ដោះអាសន្ននូវអាជីវកម្ម ការលក់ដូរទាំងអស់នៅក្នុង ផ្សារតាកែវ បរិវេណជុំវិញផ្សារ និងការ លក់ដូរតាមគេហដ្ឋានជុំវិញផ្សារតាកែវទាំងអស់ ដែលស្ថិតនៅក្នុងភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដែលជាតំបន់មានអ្នកវិជ្ជមានជំងឺកូវីដ១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ ចាប់ពីម៉ោង១២:០០ នាទីថ្ងៃត្រង់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី ។

ការផ្អាកអាជីវកម្មនេះ គោលបំណងដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងៗទៀត ។
អាជីវករ និងអ្នកលក់ដូរនៅក្នុងផ្សារ និងជុំវិញផ្សារទាំងអស់ មានកាតព្វកិច្ចផ្តល់វត្ថុសំណាកទៅវិភាគរកមេរោគកូវីដ១៩ ដល់មន្ត្រីសុខាភិបាល ។ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តនឹងចុះយកសំណាកពីអាជីវករ និងអ្នកលក់ដូរទាំងអស់នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ នៅចំណតរថយន្តផ្សារតាកែវ ក្នុងករណីបងប្អូនខកខានមិនបានទៅផ្តល់វត្ថុសំណាកតាមកាលកំណត់ខាងលើ ត្រូវទៅផ្ដល់សំណាក នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតលំនៅស្ថានរបស់បងប្អូនប្រជាពលរដ្ឋ ។
អាជីវករ និងអ្នកលក់ដូរទាំងអស់ព្រមទាំងក្រុមគ្រួសារ ត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការណែនាំ របស់ក្រសួងសុខាភិបាល ក្នុងអំឡុងពេលនៃការអនុវត្តន៍វិធានការផ្អាកជាបណ្តោះអាសន្ន ត្រូវបានហាមឃាត់ការចេញ ចូល ការជួបជុំ ឬការប្រមូលផ្ដុំមនុស្សនៅតំបន់បិទខ្ទប់ លើកលែងតែក្នុងករណីចាំបាច់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។