រដ្ឋមន្ត្រីក្រសួងការងារ ថ្លែងសុន្ទរកថា ត្រៀមចូលរួមអបអរសាទរ ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ លើកទី៤ ឆ្នាំ២០២១

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញថតថ្លែងសុន្ទរកថា ត្រៀមចូលរួមអបអរសាទរក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ លើកទី៤ ឆ្នាំ២០២១ ក្រោមប្រធានបទ “TVET ធ្វើឲ្យជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់” ដែលនឹងត្រូវធ្វើការផ្សព្វផ្សាយនៅលើហ្វេសប៊ុកផេក របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងហ្វេសប៊ុកផេក TVET News នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។

ក្នុងស្មារតីបន្តអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ ការរៀបចំទិវាជាតិក្នុងឆ្នាំនេះ ត្រូវបានបន្តធ្វើក្នុងទម្រង់ជាយុទ្ធនាការតាមគ្រប់ប្រព័ន្ធផ្សព្វផ្សាយ ដូចដែលបានរៀបចំនៅក្នុងឆ្នាំ២០២០ កន្លងមកដែរ ក្នុងគោលបំណងបង្កើនការយល់ដឹងទូលំទូលាយទូទាំងប្រទេសអំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅក្នុងការអភិវឌ្ឍជំនាញឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព សំដៅលើកកម្ពស់សមត្ថភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការចាប់យកឱកាសការងារកាន់តែល្អ និងលើកស្ទួយកម្រិតជីវភាពកាន់តែប្រសើរឡើង។
សូមជម្រាបជូនថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ហៅថា TVET DAY ត្រូវបានរាជរដ្ឋាភិបាលកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល សាធារណជន និងផ្នែកឯកជនឲ្យបានយល់ដឹងពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស។
សូមសិស្សានុសិស្ស យុវជន និងសាធារណជន រង់ចាំការផ្សាយផ្ទាល់ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៤ ឆ្នាំ២០២១ ក្រោមប្រធានបទ “TVET ធ្វើឱ្យជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់” នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង ៨:៣០ នាទី ព្រឹក តទៅតាមរយៈហ្វេសប៊ុកផ្លូវការ ១.ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង២.TVET-News ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។