អភិបាលខេត្តព្រះសីហនុកំពុងពិនិត្យលើការបន្តដាក់ចេញវិធានការរដ្ធបាលសម្រាប់ភូមិសាស្រ្តក្រុងព្រះសីហនុ និងស្រុកព្រៃនប់ជាតំបន់លឿងទុំ
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុកាលពីថ្ងៃម្សិលមិញនេះ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ពិនិត្យលើការបន្តដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្រក្រុងព្រះសីហនុ និងស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ ជាតំបន់លឿង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការត្រៀមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរពាក់ព័ន្ធ។
លោក គួច ចំរើន បានមានប្រសាសន៍ថា ថ្ងៃនេះយើងប្រជុំក្នុងក្របខណ្ឌគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត និងដាក់ចេញវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ កន្លងមកដោយសារការខិតខំរបស់ក្រុមគ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមានការចូលរួមពីប្រជាពលរដ្ឋ ធ្វើឱ្យការបិទខ្ទប់របស់យើងទទួលបានលទ្ធផលល្អប្រសើរ ដែលបង្ហាញថាវិធានការបិទខ្ទប់របស់យើងត្រឹមត្រូវ និងមានការចូលរួមពីប្រជាពលរដ្ឋបានពេញលេញ។
លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅតំបន់ទំនប់រលក មិនបានចូលរួមអនុវត្តត្រឹមត្រូវតាមវិធានសុខាភិបាល និងការណែនាំ ៣.ការពារ ៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបធ្វើឱ្យមានការឆ្លងរាលដាលឡើងវិញ។ ជាមួយគ្នានេះ ត្រូវបន្តដាក់ជាតំបន់លឿងនូវ ក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយបន្ថែមវិធានការយ៉ាងម៉ឺងម៉ាត់លើការផាកពិន័យ និងវិធានការច្បាប់ចំពោះបុគ្គលដែលមិនអនុវត្តតាមការណែនាំ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានរៀបចំការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល បន្ទាប់មកខេត្តព្រះសីហនុ ក៏ជាខេត្តអទិភាពក្នុងការទទួលបានវ៉ាក់សាំង ដូច្នេះយើងត្រូវត្រៀមលក្ខណៈ និងចាត់ចែងកិច្ចការងារផ្សេងៗឱ្យបានរួចជាស្រេចដើម្បីរង់ចាំវ៉ាក់សាំងថ្មីចាក់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុរបស់យើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។