អាជ្ញាធរខេត្តសៀមរាប ប្រកាសពីករណីឆ្លងជំងឺកូវីដ-១៩ថ្មី ២៤នាក់ទៀត
ខេត្តសៀមរាប៖ ក្នុងព្រឹត្តិការណ៍នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈ នេះ រដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន ២៤នាក់ទៀត សម្រាប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១។
រដ្ឋបាលខេត្ត បានបញ្ជាក់ថា ករណីទី១ ដល់ទី១៦ គឺជាករណីឆ្លងរាលដាលក្នុងសហគមន៍ ដែលក្រុមការងារស្រាវជ្រាវ និងក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានសន្និដ្ឋានបឋមថា ប្រភពនៃការចម្លងជំងឺកូវីដ-១៩ នៅក្នុងស្រុកសូទ្រនិគម និងស្រុកជីក្រែង គឺចេញមកពីភោជនីយដ្ឋានពិភពធម្មជាតិ ស្ថិតនៅភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។
ចំពោះករណីទី១៧ ដល់ទី២២ គឺជាប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យ ដាក់ឱ្យធ្វើចត្តាឡីស័កនៅវិទ្យាល័យសម្ដេចឪ។ ដោយឡែក ករណីទី២៣ និង២៤ ជាអ្នកទៅរកសេវាព្យាបាលនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ពេលមកដល់មន្ទីរពេទ្យ ហើយដោយមានអាការៈសង្ស័យ ក្រុមគ្រូពេទ្យបានយកសំណាកវិភាគ ទទួលបានលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩។
ជាមួយគ្នានេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន០១នាក់ មានអាសយដ្ឋាននៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ហើយត្រូវបានក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
គិតត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២២៩នាក់ បានព្យាបាលជាសះ-ស្បើយចំនួន៨៤នាក់ ស្លាប់២នាក់ និង១៤៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។