ម្ចាស់សិប្បកម្មក្នុងស្រុកមួយ ចំណាយថវិកា ២០ម៉ឺនដុល្លារ បង្កើតជារោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅខេត្តកំពងធំ
ខេត្តកំពងធំ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ដោយមានការជួយជ្រោមជ្រែងពីក្រុមហ៊ុន Top Planning Japan Co., Ltd សហការ ជាមួយនាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើឲ្យម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងស្រុកមួយកន្លែង ដែលមានឈ្មោះថាសិប្បកម្មកែឆ្នៃស្វាយចន្ទីរបស់សិប្បកម្មកែឆ្នៃស្វាយចន្ទីជ័យសំបូរ នៅខេត្តកំពងធំ បានបង្កើតចេញជារោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ដោយបានប្រើប្រាស់អស់ថវិកាចំនួនម្ភៃម៉ឺនដុល្លារអាមេរិក ក្នុងគោលបំណង ដើម្បីលើកកម្ពស់គ្រាប់ស្វាយចន្ទីកម្ពុជា។
សូមបញ្ជាក់ថា សិប្បកម្មកែឆ្នៃរបស់អ្នកស្រី កន្លងមកបានធ្វើការកែឆ្នៃ ដោយដៃប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលមានតម្រូវការច្រើន ក្រុមហ៊ុន Top Planning Japan Co., Ltd ក៏បានផ្តល់ ជំនួយបច្ចេកទេស និងប្រាក់កក់មួយចំនួន បានធ្វើសិប្បកម្មមួយនេះអាចមានលទ្ធភាព បង្កើតរោងចក្រកែច្នៃ នេះឡើងបានដោយជោគជ័យ ។
តាមរយៈនៃកិច្ចសហប្រតិបត្តិការខាងលើ មកដល់ថ្ងៃទី០២មិថុនាឆ្នាំ២០២១ កន្លងទៅនេះ សិប្បកម្មកែឆ្នៃស្វាយចន្ទីជ័យសំបូរ បាននាំចេញគ្រាប់ស្វាយចន្ទីលើកដំបូងដែលបានកែឆ្នៃរួច ចំនួន ៧ ៦៩៦ គីឡូក្រាម ទៅដល់កំពង់ផែ OSAKA នែប្រទេសជប៉ុន រួចហើយ ដោយត្រូវប្រើប្រាស់រយៈពេល មួយខែ ដោយគិតចាប់ពីការរៀបចំដាក់បញ្ចូលទូកុងទឺនើ នៅទីតាំងសប្បកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។