សហគមន៍​ពាម​ក្រសោប​ជាង ១០០​គ្រួសារ អាច​រកចំណូលបាន ៤​លាន​ដុល្លារ ទៅ​៦​លាន​ដុល្លារ ក្នុង​មួយឆ្នាំ ពី​ខ្យង​ចំពុះទា​

ខេត្តកោះកុង​៖ ខ្យង​ចំពុះទា ជា​ប្រភេទ​អាហារ​មួយ​ថ្មី ដែល​កំពុង​ពេញនិយម ជាពិសេស​សម្រាប់​យុវវ័យ​កម្ពុជា ដែល​ចូលចិត្ត​ដើរ​កម្សាន្ត​ក្នុង​តំបន់ការពារធម្មជាតិ​។ ខ្យង​ចំពុះទា ត្រូវបាន​ចិញ្ចឹម ដោយ​ប្រជា​សហគមន៍​ពាម​ក្រសោប​ប្រមាណ ១១៥​គ្រួសារ នៅ​ខេត្តកោះកុង តាមរយៈ​ការបោះបង្គោល​ចំនួន ១៨៦ ១០០​បង្គោល នៅក្នុង​ផ្ទៃ​ទឹក​សមុទ្ទ​ប្រមាណ ៥០​ហិកតា ដែល​អាច​ផលិត​ខ្យង​ចំពុះទា ជា​មធ្យម ៣ ១៦៣​តោន ក្នុង​មួយឆ្នាំ ក្នុង​ចន្លោះ​ខែមករា​-​ឧសភា និង​ខែកញ្ញា​-​ធ្នូ​។

​ខ្យង​ចំពុះទា​ស្រស់​ទាំង​សំបក​មានតម្លៃ ៥ ០០០​រៀល និង​ចំហុយ​បកសំបក​រួច មានតម្លៃ ៦០ ០០០​រៀល ក្នុង​មួយ​គីឡូក្រាម ដែល​ធ្វើឱ្យ​សហគមន៍​នេះ អាច​រកចំណូលបាន​ប្រមាណ ៤ ៥០០ ០០០ -៦ ០០០ ០០០​ដុល្លារ ក្នុង​មួយឆ្នាំ​។​

​បច្ចុប្បន្ននេះ ខ្យង​ចំពុះទា ដែល​ផលិត​ដោយ​សហគមន៍​ពាម​ក្រសោប​ភាគច្រើន ត្រូវ​នាំ​ចេញទៅ​ប្រទេស​ថៃ និង​វៀតណាម តាមរយ​:​ឈ្មួញកណ្តាល ហើយ​មាន​តិចតួច​បំផុត​ត្រូវបាន​យកមក​លក់​នៅ​ទីក្រុង​ភ្នំពេញ​។ ថ្មីៗ​នេះ​តាមរយ​:​ការសម្របសម្រួល​រប​ស់​គម្រោង “​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុ​ជា​” នៃ​ក្រសួងបរិស្ថាន ផ្សារ​ម៉ាក្រូ​នឹង​ប្រមូល​ទិញ​ខ្យង​ចំពុះទា​នេះ ដើម្បី​ចែកចាយ និង​ដាក់លក់​នៅ​ទីក្រុង​ភ្នំពេញ​។​

​ខ្យង​ចំពុះទា អាច​កែច្នៃ​ជា​មុខ​អាហារ​ច្រើន​ប្រភេទ ដាក់​ក្នុង​ភី​ហ្សា ស៊ុប​ខ្ទិះ​ប្រភេទ​លោកខាងលិច ។​ល​។ តែ​ប្រជាជន​កម្ពុជា ចូលចិត្ត​អាំង​ជ្រលក់​ទឹកត្រី​កោះកុង ឆា​ក្តៅ​ឬ​ញាំ សម្លរ​ខ្ទិះដូង ឆា​គ្រឿង កែង ។​ល​។ ហើយក៏​អាច​ផលិត​ជា ប្រេងខ្យង​បានដែរ​។ រីឯ កាក់សំណល់ និង​សំបកខ្យង​ចំពុះទា ត្រូវបាន​កិន​កែច្នៃ​លាយ​ជា​ចំណី​សត្វ និង​ធ្វើ​កំបោរ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close