គ្រាប់មីន និងគ្រាប់កាំភ្លើងជាច្រើនរយគ្រាប់ ត្រូវបានប្រទះឃើញ នៅស្រុករតនមណ្ឌល

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ កម្លាំងនគរបាលស្រុករតនមណ្ឌល បានទទួលព័ត៌មានពីប្រជាពលរដ្ឋម្នាក់ រស់នៅភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ពីករណីប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជាច្រើន ខណៈកំពុងនេសាទត្រី នៅតាមដងស្ទឹង ក្នុងមូលដ្ឋានខាងលើ។

យុទ្ធភ័ណ្ឌទាំងនោះ មាន៖
-គ្រាប់មីនប្រភេទ72Aចំនួន ៣៦គ្រាប់
-គ្រាប់កាំភ្លើងប្រភេទ B40ចំនួន ០៣គ្រាប់
-គ្រាប់កាំភ្លើងប្រភេទ K57ចំនួន ៥០០គ្រាប់។
លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានបញ្ជាក់ថា នៅចំណុចដែលប្រជាពលរដ្ឋលោកប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនេះ កាលពីសម័យសង្គ្រាមចំណុចនោះជាតំបន់សមរភូមិប្រយុទ្ធដ៏ស្រួចស្រាវមួយ ក្នុងចំណោមចំណុចផ្សេងទៀត ក្នុងស្រុករតនមណ្ឌល។
យុទ្ធភ័ណ្ឌទាំងនេះ អាចជារបស់កងទ័ពក្នុងសម័យនោះ ដែលរក្សាទុកនៅទីកន្លែងនោះ សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពប្រយុទ្ធ ប៉ុន្តែនៅពេលក្រោយមកយុទ្ធភ័ណ្ឌទាំងនេះ បានកប់ទៅក្នុងដីក្រោមគុម្ភឫស្សីក្បែរមាត់ស្ទឹង ហើយក្នុងប៉ុន្មានថ្ងៃនេះ នៅចំណុចនោះមានភ្លៀងធ្លាក់ខ្លាំងមានទឹកហូរច្រោះដីជាហេតុធ្វើឱ្យយុទ្ធភ័ណ្ឌទាំងនេះផុសចេញមកពីគុម្ពឬស្សីទើបប្រជាពលរដ្ឋលោកប្រទះឃើញនិងរាយការណ៍ជូនសមត្ថកិច្ច។
លោកបន្តថា គ្រាប់មីនទាំង៣៦គ្រាប់នេះ មានមួយចំនួនហាក់នៅមានប្រសិទ្ធភាពក្នុងការបំផ្ទុះបាន បើទោះបី ជាវាកប់ក្នុងដីរយៈពេលយូរឆ្នាំមកហើយក្តី រីឯគ្រាប់កាំភ្លើងទាំងពីរប្រភេទនេះមានសភាពច្រេះចាប់អស់ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។