អាជ្ញាធរជាតិអប្សរា បង្ហាញពីសកម្មភាពដ៏មមាញឹក នៃការស្តារពើកនៅកសិន្ធុខាងលិចនៃក្រុងអង្គរធំ
ខេត្តសៀមរាប៖ ក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា កំពុងបង្ហាញសកម្មភាពដ៏មមាញឹកក្នុងការងារស្តារពើកស្មៅដ៏ក្រាស់ៗ ដែលកកើតឡើងដោយសាររុក្ខជាតិតូចៗក្នុងទឹក ដូចជា៖កំប្លោក ស្លែរ កកនៅក្នុងទឹករយៈពេលយូរនៅក្នុងកសិន្ធុខាងលិចក្រុងអង្គរធំ។
មុនពេលមានសកម្មភាពស្តារពើកស្មៅនេះ ស្ថានភាពទឹកកសិន្ធុខាងលិចនៃក្រុងអង្គរធំ មើលទៅស្ទើតែមិនឃើញផ្ទៃទឹកសោះ ដោយសារមានពើកស្មៅដ៏ក្រាស់ៗដុះជុំជិតនៅទីនោះ តែពេលនេះប្រែមកជាស្រស់ស្អាតឡើងវិញបណ្តើៗហើយ ព្រោះតែការយកចិត្តទុកដាក់ថែទាំរបស់អាជ្ញាធរជាតិអប្សរា។
លោក ញ៉ែម រស្មី មន្ត្រីបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ចាប់តាំងពីថ្ងៃអនុវត្តការងារស្តារពីកជំហានដំបូង កាលពីថ្ងៃទី២៦ ខែមេសា រហូតមកដល់បច្ចុប្បន្ននេះ ក្រុមការងាបានធ្វើការងារស្តារពើកស្មៅបានចំនួនជាង១៥០០០ម៉ឺនម៉ែត្រក្រឡា ពោលគឺអាចបញ្ចប់នារយៈពេល៣ខែខាងមុខ បើសិនជាមិនមានបញ្ហារាំងស្ទះណាមួយកើតឡើង។ ការងារនេះមិនអាចធ្វើលឿនទៅបាន ដោយសារពើកមានសភាពក្រាស់ ធ្ងន់ និង មានសត្វអាសិរពិស និងសត្វឈ្លើងនៅក្នុងពើក ដែលជាបញ្ហាប្រឈមខ្លះៗ សម្រាប់ក្រុមការងារចុះកាប់ពើក។
លោកបន្តទៀតថា ក្រោយពេលការងារស្តារពើកស្មៅដ៏ក្រាសនេះ រួចរាល់ រំពឹងថាបរិស្ថាន និងសោភ័ណ្ឌភាពនៅបរិវេនកសិន្ធុខាងលិចនៃក្រុងអង្គរធំ នឹងប្រែជាស្រស់ស្អាតឡើងវិញ ហើយក៏ជាទីទាកទាញ់ភ្ញៀវទេសចរមកកម្សាន្តនៅទីនោះ។
សូមជម្រាបផងដែរថា ការងារស្ដារពើកជាជំហានដំបូងនេះ ធ្វើឡើងដោយអាជ្ញាធរជាតិអប្សរា ក្រោមគំនិតផ្តួចផ្តើមនិងជួយឧបត្ថម្ភ ដោយលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវ ភឿង សកុណា ប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា និងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវឧកញ៉ា នាងវិសាខា អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍កិតិ្តបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ និងសប្បុរសជនមួយចំនួនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។