អាជ្ញាធរខេត្ដសៀមរាប ចុះផាកពិន័យ អ្នកដែលអត់ពាក់ម៉ាស់

អាជ្ញាធរ​ខេត្តសៀមរាប​កាលពីព្រឹកថ្ងៃទី៩ ខែមិថុនា បានផ្តើម​ធ្វើការ​ផាកពិន័យ ទៅលើអាជីវករលក់ដូរដែលមិនពាក់ម៉ាស់ និងពាក់មិនត្រឹមត្រូវ នៅផ្សារធំថ្មីលើ ក្រុងសៀមរាប ។

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា នេះជាលើកទី១ សម្រាប់ការចុះផាកពិន័យ ចំពោះអ្នកដែលអត់ពាក់ម៉ាស់ និងពាក់ម៉ាសមិនត្រឹមត្រូវ ហើយអាជ្ញាធរនឹងធ្វើការផាកពិន័យបន្ដទៀត ទៅលើអ្នកមិនអនុវត្ដតាមច្បាប់ ។

យោងតាមអនុក្រិត្យ ស្ដីពីកាតព្វកិច្ចពាក់ម៉ាស់ តាមមាត្រា ១៩ នៃអនុក្រឹត្យនេះចែងថា បុគ្គលដែលមិនពាក់ម៉ាស់នៅកន្លែងចាំបាច់ដែលក្រសួងសុខាភិបាលបានណែនាំនឹងត្រូវរងការផាកពិន័យពី ២០ ម៉ឺនរៀល ទៅ១លានរៀល ប្រសិនបើបុគ្គលនោះមិនធ្វើតាមការព្រមានលើកទី ១ ។ ចំណែកអ្នករៀបចំកម្មវិធីអ្វីមួយដែលមិនគោរពទៅតាមគោលការណ៍គម្លាតសង្គមត្រូវរងការផាកពិន័យពី ១លាន ទៅ៥លានរៀល ក្នុងករណីមិនធ្វើតាមការព្រមានលើកទី១ ។

គួរ​បញ្ជាក់ថា គិតមកទល់ពេលនេះខេត្តសៀមរាបមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ២៤៩នាក់ និងមានករណីស្លាប់ចំនួន ០២នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close