ឯកឧត្តម វេង សាខុន បង្ហាញពីការអភិរក្សក្តាមសេះ ក្នុងរដូវពងកូន នៅតំបន់កោះពោធិ៍
ខេត្តកែប៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានឲ្យដឹងថា ក្តាមសេះ ជាធនធានជលផលដ៏មានសារសំខាន់សម្រាប់អ្នកនេសាទតំបន់ឆ្នេរ ជាពិសេសក្តាមសេះក្នុងខេត្តកែបមានឱជារសឆ្ងាញ់។ រដ្ឋបាលជលផល នៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្កើតនិងគ្រប់គ្រងដែនជម្រកសុវត្ថិភាពក្នុង ខេត្តកែប ក្នុងគោលបំណងបង្កើនផលស្តុកក្ដាមសេះ និងធនធានជលផលដទៃទៀត ក្រោមជំនួយថវិកាពីមូលនិធិបរិស្ថានសហប្រជាជាតិ (UNEP/GEF) និងផ្នែកបច្ចេកទស ពីមជ្ឈមណ្ឌលអភិវឌ្ឍជលផលអាស៊ីអាគ្នេយិ៍ (SEAFDEC)។
តំបន់កោះពោធិ៍ ខេត្តកែប ជាទីតាំងដ៏សំខាន់មួយដែលប្រភេទក្តាមសេះនេះ តែងតែ មកពងកូនក្នុងចន្លោះពីខែឧសភាដល់ខែកក្កដា ជារៀងរាល់ឆ្នាំ ដោយសារទីតាំងនេះ មានស្មៅសមុទ្រដ៏ស្តុកស្តម្ភ។ ដោយមានការគាំទ្រពីអាជ្ញាធរខេត្តកែប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញប្រកាសដាក់ តំបន់កោះពោធិ៍នេះជាដែនជម្រក សុវត្ថិភាពជលផលក្តាមសេះ ដោយហាមឃាត់ការធ្វើនេសាទក្តាមសេះក្នុងតំបន់នេះ ចាប់ពីខែឧសភាដល់ខែកក្កដា ជារៀងរាល់ឆ្នាំ។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តកែប ក៏បាន ចេញសេចក្តីណែនាំហាមឃាត់អ្នកនេសាទក្តាមសេះ នៅក្នុងរដូវដែលក្ដាមសេះមាន ពងកូនច្រើន គឺចាប់ពីខែឧសភា ដល់ខែកក្កដា។ ក្រោមកិច្ចសហការនិងគាំទ្រពី អាជ្ញាធរខេត្ត រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន បង្កើតរចនាសម្ព័ន្ធគ្រប់គ្រង ដែលមានការចូលរួមពីអង្គភាពពាក់ព័ន្ធ ក្នុងការពង្រឹង ការអនុវត្តច្បាប់ក្នុងរដូវហាមឃាត់ការធ្វើនេសាទក្ដាមសេះ និងអប់រំផ្សព្វផ្សាយតាម គ្រប់រូបភាព ព្រមទាំងទម្លាក់ប្រអប់បេតុងបង្កើតជាជម្រកសិប្បនិម្មិត ដើម្បីទប់ស្កាត់ ការនេសាទ និងតាមដានការវិវត្តនៃផលស្តុកក្ដាមសេះ និងធនធានជលផលផ្សេងទៀត នៅតំបន់នោះ។
អំឡុងពេលនៃការហាមឃាត់ការធ្វើ នេសាទក្តាមសេះនៅតំបន់ កោះពោធិ៍ ខេត្តកែប ក្នុងឆ្នាំ២០២១នេះ រដ្ឋបាលជលផលសហការជាមួយមជ្ឈមណ្ឌល SEAFDEC បានឧបត្ថម្ភថវិកាដល់ខណ្ឌរដ្ឋបាលជលផលកែប ចំនួន២០០០ដុល្លា ដើម្បីចាត់វិធានការការពារបន្ថែម ក្នុងការយាមប្រចាំការ ល្បាត និងធ្វើការអប់រំផ្សព្វ ផ្សាយដល់អ្នកនេសាទនៅតំបន់នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។