សហរដ្ឋអាមេរិក ប្រគល់​វត្ថុ​បុរាណសម័យ​អង្គរ ២៧​រូប មក​ឲ្យ​កម្ពុជា​វិញ​

​កាលពី​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២១ ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សហរដ្ឋអាមេរិក និង​លោក Cyrus vance Jr. រដ្ឋអាជ្ញា​នៃ​ការិយាល័យ​រដ្ឋអាជ្ញា​ប្រចាំ​សង្កាត់​ញូវយ៉ក បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ស្តីពី​ការផ្ទេរសិទ្ធិ​គ្រប់គ្រង​វត្ថុ​បុរាណ​របស់​កម្ពុជា ដែល​ត្រូវបាន​ជួញដូរ​ចំនួន ២៧​រូប ពី​ការិយាល័យ​រដ្ឋអាជ្ញា មក​កម្ពុជា ដែល​ពិធី​នេះ​ប្រព្រឹត្តទៅ​នៅ​ការិយាល័យ​រដ្ឋអាជ្ញា​ប្រចាំ​សង្កាត់​ញូវយ៉ក​។​

​ក្នុងចំណោម​វត្ថុ​បុរាណ​ទាំង​ចំនួន​២៧ ដែល​ត្រូវបាន​រកឃើញ​មកវិញ ដោយ​ការិយាល័យ​រដ្ឋអាជ្ញា និង​ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក រួមមាន​រូប​បដិមា​ផ្នែក​ពុទ្ធសាសនា និង​ព្រហ្មញ្ញសាសនា​សម័យអង្គរ​សំខាន់ៗ​មួយចំនួន​ដូចជា​៖ ព្រះពុទ្ធ​គង់​សមាធិ​លើ​នាគ​ធ្វើ​ពី​សំរឹទ្ធ រូប​ព្រះ​ឥសូរ និង​ព្រះ​នាង​ប្រាជ្ញា​បារ​មិ​តា​ធ្វើ​ពី​ថ្មភក់​។​ល​។ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​សម្របសម្រួល និង​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​នេះ​ជាមួយ​ការិយាល័យ​រដ្ឋអាជ្ញា​។​

​លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្នុងពេល​ថ្លែង​ទៅកាន់​ពិធី​ចុះហត្ថលេខា តាមរយៈ​ប្រព័ន្ធ​វីដេអូ ពី​ភ្នំពេញ បាន​សម្តែង​អំណរគុណ និង វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ និង​ការខិតខំ​ប្រឹងប្រែង​ពី​សំណាក់ ការិយាល័យ​រដ្ឋអាជ្ញា​សហរដ្ឋអាមេរិក ប្រចាំ​សង្កាត់​ញូវយ៉ក ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋអាមេរិក ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា និង​ស្ថានទូត​នៃ​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក ព្រមទាំង​ក្រុមការងារ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា ក្នុងការ​បញ្ជូន​សម្បត្តិ​វប្បធម៌​ទាំងនេះ​ត្រឡប់មក​មាតុភូមិ​កម្ពុជា​វិញ​។​

​ឯកឧត្តម ជុំ សុន្ទរី បាន​គូសបញ្ជាក់ថា ការបញ្ជូន​ត្រឡប់មកវិញ​នៃ​វត្ថុ​បុរាណ​ទាំងនេះ បានបង្ហាញ​ឲ្យ​ឃើញ​ជាថ្មី នូវ​លទ្ធផល​ផ្លែផ្កា​នៃ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ចុះហត្ថលេខា​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក ដែល​បាន​បើក​ឡើង​នូវ​ទំព័រ​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ដ៏​ល្អប្រសើរ លើ​ការអភិរក្ស​វប្បធម៌ រវាង​ប្រទេស​ទាំងពីរ​។​

​ឯកឧត្តម ឯកអគ្គរាជទូត បាន​អំពាវនាវ និង​លើកទឹកចិត្ត​ដល់​អ្នក​និយម​សន្សំ​វត្ថុ​បុរាណ​ខ្មែរ​ទាំងអស់ ឱ្យ​ពិនិត្យ​ដោយ​យកចិត្តទុកដាក់ នូវ​ប្រភពដើម​នៃ​វត្ថុ​បុរាណ​របស់ខ្លួន និង​សូម​ទទួល​ដឹងថា សម្បត្តិ​វប្បធម៌​ខ្មែរ​ភាគច្រើន​ដែល នៅក្រៅ​ប្រទេស ត្រូវបាន​យកចេញ និង​ជួញដូរ​ដោយ​ខុសច្បាប់ ហើយ​គួរតែ​ត្រូវបាន​ប្រគល់​ត្រឡប់មក​កម្ពុជា​វិញ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close