អភិបាលខេត្តព្រៃវែង អញ្ជើញសួរសុខទុក្ខដល់ក្រុមគ្រូពេទ្យនៅមន្ទីពេទ្យបង្អែកស្រុកព្រះស្ដេច
ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និង ឯកឧត្ដម ហ៉ី ប៉ាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វ័យត រាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយស្រុកព្រះស្តេច ខេត្តព្រៃវែង នៅព្រឹកមិញនេះបានអញ្ជើញចុះសួរសុខទុក្ខដល់ក្រុមទាហានឈុត ស និងអ្នកជំងឺកូវីដ19 ដែលកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកព្រះស្ដេច។
ថ្លែងនៅក្នុងឱកាសនោះផងដែរឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៧៨២នាក់ បាន ព្យាបាល ជាសះស្បើយ ៣១៣នាក់ កំពុងសំរាកព្យាបាល ៤៦១នាក់ និងស្លាប់ ៨នាក់។ ឯកឧត្ដម អភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត របស់ក្រុមទាហានឈុត ស ក្នុងការប្ដូរជីវិត លះបង់គ្រួសារ ដើម្បីពុះពារខិតខំក្នុងការព្យាបាលជំងឺដ៏កាចសាហាវដែលកំពុងតែរាតត្បាតនៅលើពិភពលោកក៏ដូចជានៅក្នុងប្រទេសកម្ពុជាយើង ហើយមានការឆ្លងនិងស្លាប់មួយចំនួននៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅក្នុងស្រុកព្រះស្ដេចដែលកំពុងតែមានអ្នកកើតនូវជំងឺកូវីដ19 ជាច្រើននាក់ដែលកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកព្រះស្ដេចនេះ ដោយជាលទ្ធផលក្រុមគ្រូពេទ្យរបស់យើងក៏បានខិតខំព្យាបាលរហូតដល់មានការជាសះស្បើយជាច្រើននាក់ផងដែរ។
ក្នុងនោះឯកឧត្ត អភិបាលខេត្ត សូមផ្តាំផ្ញើដល់ក្រុមទាហានឈុត ស ទាំងអស់មិនត្រូវមានការបាក់ទឹកចិត្តក្នុងការព្យាបាលនៃជំងឺកូវីដ19 ជូនបងប្អូនប្រជាពលរដ្ឋយើងនោះទេ។ ហើយប្រសិនបើមានបញ្ហាឬតម្រូវការចាំបាច់ណាមួយដែលត្រូវរាយការណ៍ដល់ខេត្ត ឯកឧត្ដមនឹងទទួលស្វាគមន៍គ្រប់ពេលវេលា។
ឯកឧត្ដម អភិបាលខេត្ត សូមផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលកើតជំងឺកូវីដ19 អញ្ជើញមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកព្រះស្ដេចទាំងអស់នេះត្រូវ ថែទាំសុខភាពដោយខ្លួនឯងឲ្យបានខ្ជាប់ខ្ជួន ហើយត្រូវហូបចុះ គ្រប់គ្រាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។