គ្រោះថ្នាក់យន្តហោះយោធានៅមីយ៉ាន់ម៉ា ស្លាប់១២នាក់ លោកស្រីអោងសានស៊ូជីប្រឈមជាប់គុក១៥ឆ្នាំ
នៅថ្ងៃទី ១០ខែមិថុនា យន្តហោះយោធាមួយគ្រឿង បានធ្លាក់នៅទីក្រុង Mandalay ដែលជាទីក្រុងធំទីពីរនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។ តាមប្រភពព័ត៌មានពីក្រុមជួយសង្គ្រោះមីយ៉ាន់ម៉ាបានឲ្យដឹងថា មានមនុស្ស១២នាក់ស្លាប់ ក្នុងហេតុការគ្រោះថ្នាក់នោះ។
ក្នុងពេលជាមួយគ្នានោះដែរ សារព័ត៌មាន Stars Post បានផ្សាយថា យន្តហោះយោធា មាន១៦កៅអី បានដំក្បាលបុកចំកណ្តាលរោងចក្រអគ្គិសនីនិងរោងចក្រដែកថែបស្ថិតនៅតំបន់ Pyin Oo Lwin ក្នុងទីក្រុង Mandalay ។ កម្លាំងសន្តិសុខបានទៅកាន់កន្លែងកើតហេតុភ្លាម ដើម្បីត្រួតពិនិត្យស្ថានភាព និងជួយសង្គ្រោះ ។
មន្ត្រីទទួលបន្ទុកព័ត៌មានរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានបញ្ជាក់ពី គ្រោះថ្នាក់ខាងលើ ប៉ុន្តែមិនបានបញ្ជាក់ពីចំនួនស្លាប់និងរបួសច្បាស់លាស់នោះឡើយ ក៏ដូចជាការខូចខាតទ្រព្យសម្បត្តិផ្សេងទៀត ។
នៅពេលនេះគេមិនទាន់ដឹងថាមានមនុស្សនៅលើដីស្លាប់ដែរឬទេ ។ តាមសាក្សីនៅក្នុងតំបន់បានឲ្យដឹងថា អាកាសយានិកម្នាក់និងអ្នកដំណើរនៅមានជីវិតហើយបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ ។
មូលហេតុបណ្តាលឲ្យធ្លាក់យន្តហោះនៅមិនទាន់ដឹងនៅឡើយទេ។ នេះជាករណីគ្រោះថ្នាក់យន្តហោះយោធាលើកទីពីរហើយ ដោយកាលពីឆ្នាំ ២០១៧ ក៏មានករណីគ្រោះថ្នាក់យន្តហោះ Y-8F-200 សម្លាប់មនុស្ស ១២២នាក់ ។
នៅក្នុងព្រិត្តិការណ៍មួយពាក់ព័ន្ធនោះដែរ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចោទប្រកាន់ លោកស្រីអោងសានស៊ូជី ជាច្រើនករណីទៀតពាក់ព័ន្ធអំពើពុលរលួយ។ លោកស្រីរងការចោទប្រកាន់ ទទួលប្រាក់ និងមាស អាចប្រឈមនិងការជាប់ពន្ធនាគារ១៥ឆ្នាំ។ ក្រៅពីនេះក៏រងការចោទប្រកាន់ផ្សេងទៀត ពាក់ការនាំចូល ក៏ដូចជាញុះញ៉ងពលរដ្ឋបង្កអសន្តិសុខនៅក្នុងប្រទេសក្រោយការធ្វើរដ្ឋប្រហារនៅថ្ងៃទី ១ខែកុម្ភៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។