កូវីដ១៩នៅឥណ្ឌា៖ អ្នកឆ្លងថយចុះ អ្នកស្លាប់កើនឡើងខ្ពស់
ឥណ្ឌាបានឆ្លងផុតដំណាក់កាលនៃការឆ្លងច្រើនបំផុតគឺមានជិត ៤សែននាក់ក្នុងមួយថ្ងៃ ហើយមកមកទល់ពេលនេះមានអ្នកឆ្លងស្ថិតនៅក្រោម១សែននាក់តែប៉ុណ្ណោះ។ ទាំងនោះជាដំណឹងយ៉ាងល្អសម្រាប់ឥណ្ឌា ផ្ទុយទៅវិញ អ្នកស្លាប់ដោយកូវីដ១៩ ក្នុងប្រទេសឥណ្ឌាបែជាកើតឡើងខ្ពស់មិនធ្លាប់មានពីមុនមក គឺមានរហូតដល់ទៅជាង៦ពាន់នាក់ក្នុងមួយថ្ងៃ។
នៅថ្ងៃទី ១០ខែមិថុនានេះ ឥណ្ឌាបានរាយការណ៍ពីអ្នកស្លាប់ចំនួន ៦,១៤៨នាក់ ដោយសារជំងឺ COVID-19 ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ។ វាគឺជាអត្រាអ្នកស្លាប់ដ៏ច្រើនខ្លាំងបំផុតនៅលើពិភពលោក ក្នុងរយៈពេលមួយថ្ងៃ ដោយសារជំងឺ COVID-19 ហើយវាក៏ជាការស្ទុះលោតឡើងវិញ នៃអត្រាអ្នកស្លាប់នៅក្នុងប្រទេសឥណ្ឌាផងដែរ បន្ទាប់ពីមួយរយៈចុងក្រោយនេះ ឥណ្ឌាបានរក្សាវាឲ្យនៅត្រឹមខ្ទង់២,០០០-៣,០០០នាក់។ កន្លងមក ឥណ្ឌាធ្លាប់បានមើលឃើញករណីស្លាប់ច្រើនបំផុត ក្នុងរយៈពេលមួយថ្ងៃ ជាង៤,០០០នាក់។
យ៉ាងណាមិញ តាមពិតទៅ ការរាយការណ៍ពីតួលេខអ្នកស្លាប់ក្នុងមួយថ្ងៃដ៏ច្រើនខ្លាំងបែបនេះ គឺព្រោះតែរដ្ឋ Bihar នៃប្រទេសឥណ្ឌា បានកែសម្រួលតួលេខអ្នកស្លាប់ដោយសារ COVID-19 នៅក្នុងរដ្ឋខ្លួនពីប្រមាណ៥,៤០០នាក់ ទៅជាង៩,៤០០នាក់ ដើម្បីរាប់បញ្ចូលអ្នកដែលស្លាប់ នៅតាមផ្ទះ និងនៅតាមមន្ទីរពេទ្យឯកជន។
គួរបញ្ជាក់ថា សម្រាប់អត្រាករណីឆ្លងប្រចាំថ្ងៃវិញ គឺនៅថ្ងៃព្រហស្បតិ៍នេះ ឥណ្ឌាបានប្រកាសរកឃើញ៩៤,០៥២នាក់ ក្នុងរយៈពេល២៤កន្លងទៅដូចគ្នា ពោលវាបន្តនៅក្រោម១០០,០០០នាក់ដដែល។ បូកបន្ថែមករណីឆ្លងនិងស្លាប់ថ្មីៗទាំងនេះ ករណីឆ្លង COVID-19 នៅទូទាំងប្រទេសឥណ្ឌា សរុបកើនដល់២៩.២លាននាក់ និងស្លាប់ជិត៣៦,០០០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។