ក្រសួងបរិស្ថាន ធ្វើជំរឿន​សត្វ​ត្មាត​ប្រចាំឆ្នាំ ២០២១ នៅ​កម្ពុជា​

​ជំរឿន​សត្វ​ត្មាត​ប្រចាំឆ្នាំ ២០២១ នៅ​កម្ពុជា សហការ​រៀបចំ​ដោយ​ក្រសួងបរិស្ថាន​និង​អង្គការ​ដៃគូ​ក្នុង​កិច្ចការ​អភិរក្ស​ធនធាន​ធម្មជាតិ​ត្រូវបាន​បើក​ធ្វើឡើង​នៅ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២១ នេះ នៅលើ​ទីតាំង​ចំនួន ៤ កន្លែង​នៅក្នុង​តំបន់ការពារធម្មជាតិ​ក្នុងភូមិ​សាស្ត្រ​ខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និង​ខេត្តរតនគិរី​ដែល​ជឿជាក់ថា​មាន​វត្តមាន​សត្វ​ត្មាត​រស់នៅ​។ ​នេះ​ជាការ​អង្កេត​តាមដាន​ជីវៈចម្រុះ​នៅក្នុង​តំបន់ការពារធម្មជាតិ នៅ​កម្ពុជា​ដើម្បី​ដឹងថា​តើ​នៅក្នុង​តំបន់ការពារធម្មជាតិ​មាន​វត្តមាន​សត្វព្រៃ ជីវៈចម្រុះ​អ្វីខ្លះ​ដើម្បី ងាយស្រួល​ក្នុងការ​រៀបចំ​ផែនការ​ការពារ​និង​អភិរក្ស​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ សំដៅ​ថែរក្សា​ឱ្យបាន​នូវ​ជីវៈចម្រុះ​ដែល​កម្ពុ​ជាមាន​។

​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួង បរិ ស្ថាន​ដែល​បាន​ចូល​រួមការ​ជំរឿន​ដោយផ្ទាល់​នៅ ក្នុង​ដែនជម្រកសត្វព្រៃ​ឆែប​ថ្លែងឱ្យដឹងថា ជំរឿន​សត្វ​ត្មាត​នៅ​ប្រទេស​កម្ពុជា​ធ្វើឡើង​ដោយ​ការប្រមូល​ទិ​ន្ន័​ន័យ​ពី ៤ ទីតាំង​ផ្សេងគ្នា​នៅក្នុង​ភូមិ ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ហើយ​ត្រូវបាន​អនុវត្ត​និង​ចូលរួម​ដោយ​ក្រុមការងារ​សត្វ​ត្មាត​កម្ពុជា (CVWG ) ដោយ​សហការ​ជាមួយ​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អង្គការ​ជី វិត​សត្វ​ស្លាប​អន្តរជាតិ (Birdlife International) អង្គការ WWF មជ្ឈមណ្ឌល​អង្គរ​ដើម្បី​អភិរក្ស​ជីវៈ ចម្រុះ (ACCB) និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) នៅក្នុង​ខេត្តព្រះវិហារ​ខេត្តស្ទឹងត្រែង និង​ខេត្តមណ្ឌលគិរី និង​ខេត្តក្រចេះ​។​

​លទ្ធផល​បឋម​នៃ​ការធ្វើជំរឿន​សត្វ​ត្មាត​នៅក្នុង​ដែនជម្រកសត្វព្រៃ​ឆែប​តែមួយ​នៅ​ថ្ងៃទី​៩ ខែមិថុនា​នេះ នឹងត្រូវ​បូកសរុប​ក្រោយ​បញ្ចប់​នៅ​ល្ងាច​ថ្ងៃទី​៩ ខែមិថុនា​នេះ​។ ​គួរកត់សម្គាល់​ថា​នៅ​អាហា​រដ្ឋា​ន​ត្មាត​ក្នុងភូមិ​ដង​ផ្លិត​ក្នុង​ដែនជម្រកសត្វព្រៃ​ឆែប នៅពេល​ផ្តល់​ចំណី​ប្រចាំខែ​កាលពី​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២១ អ្នកជំនាញ​បាន​រកឃើញ​វត្តមាន​សត្វ​ត្មាត​ចំនួន ៦១ ក្បាល​ក្នុងនោះ​រួមមាន​ត្មាតផេះ ចំនួន ៤០ ក្បាល ត្មាតភ្លើង​ចំនួន ២ ក្បាល និង​ត្មាត​ត្មាត​ត្នោត​ចំនួន ១៩ ក្បាល​។

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន នេត្រ ភក្ត្រា បាន​ថ្លែងថា នៅក្នុង​ខេត្តព្រះវិហារ ក្រសួងបរិស្ថាន បាន​សហការ​ជាមួយ​អង្គការ WCS បាន​អនុវត្ត​សកម្មភាព​អភិរក្ស​នៅតាម​តំបន់ការពារធម្មជាតិ​តាមរយៈ​ការផ្តល់​ចំណី​បន្ថែម​មួយខែ ២ ដង​ដល់​សត្វ​ត្មាត និង​ការពារ​សំបុក​ពង​កូន អភិវឌ្ឍន៍​នូវ​ការយល់ដឹង​ស៊ីជម្រៅ​នៃ​កត្តា​ប្រឈម​ដល់​សត្វ​ត្មាត នៅក្នុង​ខេត្តព្រះវិហារ​។

ចាប់ពី​ខែ មករា ដល់​ខែ ឧសភា ឆ្នាំ​២០២១ មាន ការរៀបចំ​ការផ្តល់​ចំណី​បន្ថែម​តាមរយៈ​ការធ្វើ «​អាហា​រដ្ឋា​ន​ត្មាត​» ចំនួន ១០​ដង​ដើម្បី​តាមដាន​ចំនួន​សត្វ​ត្មាត​។ សត្វ​ត្មាត ជា​ប្រភេទ​ជិត​ផុត​ពូជ​បំផុត​នៅលើ​ពិភពលោក តែ​នៅមាន​វត្ត​មាននៅ​កម្ពុជា​រួមមាន ត្មាតផេះ ត្មាត ភ្លើង និង​ត្មាត​ត្នោត ហើយ​សត្វ​ត្មាត​ទាំងនោះ​មាន​វត្ត​មាននៅ​ភូមិ​ដង​ផ្លិត​ក្នុង​ដែនជម្រកសត្វព្រៃ​ឆែប​។​ ​សត្វ​ត្មាត​មាន​វត្ត​មាននៅ​កម្ពុជា​មានតែ​បី​ប្រភេទ​គឺ ១)​ត្មាតភ្លើង ២)​ត្មាត​ត្នោត និង ៣)​ត្មាតផេះ​។ សត្វ​ត្មាត​ជា​ប្រភេទ​ជិត​ផុត​ពូជ​បំផុត​ពី​ផែនដី មាន​វត្ត​មាននៅ​ខេត្តព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី និង​ក្រចេះ នៃ​ប្រទេស​កម្ពុជា​។

​ក្រសួងបរិស្ថាន​បាន​សហការ​ជាមួយ​អង្គការ​អន្តរជាតិ​នានា ធ្វើ​ជំរឿន​សត្វ​ត្មាត​ចំនួន ៥ ដង​ក្នុង​មួយឆ្នាំ​។ តាម​លទ្ធផល​ជំរឿន​សត្វ​ត្មាត​ទូទាំងប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ២០២០ ចំនួន​សត្វ​ត្មាត​ច្រើន​បំផុត​មាន​ត្រឹម ១២៩​ក្បាល​ប៉ុណ្ណោះ​ក្នុងប្រទេស​កម្ពុជា​។ ពួកវា​រស់នៅ​ជា​ហ្វូង​ហើយ​ស៊ី​សាកសព​ជា​អាហារ​។​ ​សត្វ​ត្មាត​ជា​ប្រភេទ​សត្វ​កម្រ​និង​កំពុងស្ថិត​ក្នុង​ហានិភ័យ​ខ្ពស់​ក្នុង​ការបាត់​ពូជ​នៅលើ​សកលលោក ខណៈ​ចំនួន សត្វ​ត្មាត​នៅតែ​បន្ត​មានការ​ធ្លាក់ចុះ​ជា​រៀងរាល់ឆ្នាំ និង​ក្នុង ក​ម្រិ ត​មួ យ គួ រ​ព្រួយបារម្ភ ទោះបីជា​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួងបរិស្ថាន​ដោយ សហការ​ជាមួយ​អង្គការ ដៃគូ នានា​ខិតខំ​ប្រឹងប្រែង​ការពារ​និង​អភិរក្ស​ក៏ដោយ​។

​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខា ធិ​កា រ ក្រ សួង​បរិស្ថាន​បានឱ្យដឹងថា មូលហេតុ​ដែលនាំឱ្យ​សត្វ​ត្មាត​នៅ​ក្នុ ង​ប្រទេស​កម្ពុជា​មានការ​ធ្លាក់ចុះ​ខ្លាំង​ដោយសារ​ការគំរាមកំហែង​ខ្លាំង​បំផុត​ពី​ការបំពុល​របស់​មនុស្ស ការបាត់បង់​ជម្រក ការខ្វះខាត​ចំណីអាហារ ការ​បរបាញ់​តាមរយៈ​ការដាក់​អន្ទាក់ និង​ការបំពុល​។

​ឯកឧត្តម នេត្រ ភក្ត្រា បាន​ថ្លែងថា ប្រជា​សហគមន៍​នៅតាម​តំបន់​មួយចំនួន​បាន ប្រើប្រាស់​ថ្នាំពុល​ដាក់​ទៅក្នុង ឬ​ជុំវិញ​ត្រពាំង​ដើម្បី ចាប់​សត្វ​ស្លាប និង​ថនិកសត្វ​ផ្សេងៗ ហើយ​ការបំពុល នេះ​ក៏​ជា​មូលហេតុ ចម្បង​ដែល​បណ្ដាលឱ្យ​សត្វ​ត្មាត​ស្លាប់​ដែរ​ដោយសារតែ​សត្វ​ត្មាត​ទាំងនោះ​ស៊ី​សាល​សពសត្វ​ស្លាប់​ដោយសារតែ​ថ្នាំពុល​។​ ​រដ្ឋលេខាធិការ​ក្រសួង បរិ ស្ថាន បានឱ្យដឹងថា ក្នុង នាម​ក្រសួងបរិស្ថាន សូម​បាន​អំពាវនាវ​ដល់​ប្រជា ពលរដ្ឋ​ទាំងអស់​ចូលរួម​អភិរក្ស និង​ការពារ​សត្វ​ត្មាត​ដោយ​បញ្ឈប់​សកម្មភាព​បរបាញ់ ឬ​ការជួញដូរ​សត្វព្រៃ​។

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា សត្វ​ត្មាត​ជា​សត្វ​ស្លូត និង ជា​អ្នក​ដែល សម្អាត​បរិស្ថាន​ដោយ​ស៊ី​គម្រង់​សាកសព​សត្វ​ផ្សេងទៀត​ជា​អាហារ ហើយ​ការពារ​និង​អភិរក្ស​សត្វ​ត្មាត​បាន​គង់វង្ស វា​ជាការ​ថែរក្សា​មរតក ធម្មជាតិ​ដ៏​មានតម្លៃ​មហាសាល​សម្រាប់​កម្ពុជា​និង​ពិ ភព​លោក​ទាំងមូល​ជា​តម្លៃ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ និង​ការទាក់ទាញ​ភ្ញៀវទេសចរ​ស ម្រា​ប់​ទេសចរណ៍ធម្មជាតិ បង្កើត​មុខរបរ ផ្តល់​ចំណូល​ជូន​ប្រជាពលរដ្ឋ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close