ចាប់ខ្លួនពលរដ្ឋខ្មែរ ៤៥នាក់ទៀត បម្រុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ
បន្ទាយមានជ័យ៖ ពលរដ្ឋខ្មែរចំនួន ៤៥នាក់ទៀត (ស្រី ២៣នាក់) ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន ត្រង់ចំនុចភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង ១ទាបភ្លឺ ឈានចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ។
លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៤ បានឱ្យដឹងថា ខណៈដែលកម្លាំងរបស់លោក បានចុះល្បាតនៅចំណុចខាងលើ ក៏បានជួបពលករខ្មែរខាងលើ ដែលគ្រោងលួចឆ្លងដែនចេញទៅប្រទេសថៃ ហើយភ្លាមៗគេក៏ត្រូវចាប់ខ្លួនតែម្តង។
ក្រោយពីចាប់ខ្លួនបានពលរដ្ឋទាំង ៤៥នាក់នោះ សមត្ថកិច្ចបានធ្វើការណែនាំដល់ពួកគេកុំឱ្យបន្តចាញ់បោកមេខ្យល់ ដែលនាំពលករឆ្លងដែនដោយខុសច្បាប់។ បន្ទាប់មកពលករទាំង ៤៥នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័ក ខេត្តបន្ទាយមានជ័យ និងបន្តស្រាវជ្រាវរកមេខ្យល់ និងអ្នកពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។