អ្នកនាំពាក្យ៖ មកទល់ពេលនេះផ្ទះបណ្តែតទឹកប្រមាណ៩០ភាគរយ​ត្រូវ​រុះរើ​ចេញពី​ភូមិ​សាស្រ្ត​រាជធានីភ្នំពេញ

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានក្នុងស្រុងនៅ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ថា បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក និងសំណង់គ្មានសណ្តាប់ធ្នាប់នៅក្នុងតំបន់មិនរៀបរយជាច្រើនកំពុងដំណើរការអនុវត្តប្រកបដោយប្រសិទ្ធភាព និងអាចទទួលយកបាន ផ្តើមចេញពីការយល់ដឹង ការទទួលស្គាល់ និងការចូលរួមដោយស្ម័គ្រចិត្ត។

តាមលោក មាសភក្តី ផ្ទះ​បណ្តែត​ទឹក​ប្រមាណ៨០-៩០ភាគរយ ត្រូវបានរុះរើ និងចាកចេញរួចរាល់ហើយ គិតត្រឹមព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ដោយ​នៅសល់មួយចំនួនតូចទៀតបាននិងកំពុងរុះរើ និងចាកចេញបណ្តើរៗហើយ។

ដោយ​ឡែក​ពាក់ព័ន្ធនឹង​ម្ចាស់បែចិញ្ចឹមត្រីមួយចំនួនដែលទើបទម្លាក់កូនត្រីចូលបែមុនការជូនដំណឹង បានសំណូមពរពន្យាពេលរុះរើ ដោយកត្តាជីវភាពដ៏ចាំបាច់នោះ អាជ្ញាធរមិនបានអនុញ្ញាតបន្តទុកបែត្រីអនាធិបតេយ្យ ពាសវាលពាសកាលតាមដងទន្លេនោះ ដោយ​តម្រូវ​រុះរើចាកចេញឲ្យ​អស់ និងស្អាតបាត ប៉ុន្តែអាចរៀបចំចិញ្ចឹមត្រីជាបណ្តោះអាសន្ន នៅភាគខាងជើងខណ្ឌព្រែកព្នៅ ក្បែរព្រំប្រទល់ខេត្តកណ្តាល ដោយមានការសន្យាច្បាស់លាស់ និងការរៀបចំឲ្យ​មានសណ្តាប់ធ្នាប់ របៀបរៀបរយ មិនបង្កផលប៉ះពាល់ណាមួយពិសេសបរិស្ថានទន្លេ។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ កាលពីនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាឲ្យ​រុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ ដោយទុកពេល១០ថ្ងៃឲ្យ​ម្ចាស់ទាំងនោះរុះរើ ឬចល័តចេញជាបន្ទាន់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close