ក្រោយ​រង​ការចោទប្រកាន់​ពី​តៃវ៉ាន់​ថៃ​ប្រកែក​ថា​មិនបាន​រារាំង​ការនាំចេញ វ៉ាក់សាំង AstraZeneca ឡើយ

​នៅ​ថ្ងៃទី​១៣​ខែមិថុនា អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ បាន​ចេញមុខ​បដិសេធថា ប្រទេស​ថៃ​មិនបាន​រារាំង​ការនាំចេញ វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 «AstraZeneca» នោះឡើយ បន្ទាប់ពី​តៃវ៉ាន់​បាន​អះអាងថា ថៃ​កំពុង​បង្ខាំង​ទុក​វ៉ាក់សាំង​នេះ ដែល​ខ្លួនឯង​កំពុងតែ​ផលិត​។​

កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី ត្សៃ អ៉ី​ង​វិ​ន (Tsai Ing-wen) បាន​និយាយថា តៃវ៉ាន់​បាន​បញ្ជា​ទិញ​វ៉ាក់សាំង ១០​លាន​ដូ​ស ពី​ក្រុមហ៊ុន AstraZeneca ហើយ​ពួកវា​ភាគច្រើន​ត្រូវ​ផលិត​នៅក្នុង​ប្រទេស​ថៃ ប៉ុន្តែ​ថៃ​បែរជា​ផ្តោត​អាទិភាព​យក​វ៉ាក់សាំង​ទាំងនោះ ប្រើប្រាស់​សម្រាប់តែ​នៅក្នុង​ប្រទេស​ខ្លួនឯង​ទៅវិញ​។​

​ឆ្លើយតប​ចំពោះ​ការចោទប្រកាន់​ខាងលើ អ្នកនាំពាក្យ​ម្នាក់​របស់​រដ្ឋាភិបាល​ថៃ បាន​ចេញមុខ​និយាយ​ដូច្នេះ​ថា «​ថៃ​ពុំបាន​រាំងខ្ទប់​ការនាំចេញ វ៉ាក់សាំង AstraZeneca ទេ​។ វា​គឺជា​បញ្ហា​របស់​អ្នក​ផលិត ដែល​ត្រូវ​ចាត់ចែង​»​។ អ្នកនាំពាក្យ​រូបនោះ មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់​ឡើយ​ថា ខ្លួន​ចង់​សំដៅលើ​ក្រុមហ៊ុន AstraZeneca ឬមួយ​ក៏​ក្រុមហ៊ុន​ថៃ ស្យ៉ា​ម បាយ​អូ​សាយ​អិន (Siam Bioscience) ដែលជា​អ្នកទទួលបន្ទុក​ផលិត នៅក្នុង​ប្រទេស​ថៃ​។​

​គួរ​បញ្ជាក់ថា ថៃ​និង​តៃវ៉ាន់​សុទ្ធតែ​បាននិងកំពុង​ទទួលរ​ង ការ​ស្ទុះ​ឡើង​ខ្លាំង​នៃ​ករណី​ឆ្លង​ជំងឺ COVID-19 ដូចគ្នា​។ ពាក់ព័ន្ធ​នឹង​វ៉ាក់សាំង AstraZeneca ដែល​កំពុង​ផលិត​នៅក្នុង​ប្រទេស​ថៃ កន្លងមកនេះ ហ្វីលីពីន​និង​ម៉ា​ឡេ​ស៉ី ក៏​ធ្លាប់បាន​ឲ្យ​ដឹងថា ពួកគេ​រំពឹង​នឹង​ជួប​បញ្ហា ពន្យារពេល​នៃ​ការទទួលបាន​វ៉ាក់សាំង​។​

​ផែនការ​ចែកចាយ​វ៉ាក់សាំង នៅក្នុង​តំបន់​អា​ស៉ី​អាគ្នេយ៍​របស់​ក្រុមហ៊ុន AstraZeneca គឺ​ពឹង​ផ្អែកទៅលើ​វ៉ាក់សាំង​ប្រមាណ​២០០​លាន​ដូ​ស ផលិត​ដោយ​ក្រុមហ៊ុន ស្យ៉ា​ម បាយ​អូ​សាយ​អិន ដែលជា​កម្មសិទ្ធិ​របស់​ស្តេច​ថៃ និង​ពុំ​ធ្លាប់មាន​បទពិសោធន៍​ផលិត​វ៉ាក់សាំង ពីមុនមក​ឡើយ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close