គ្រូទាយ និងគ្រូមន្តអាគមដោះអំពើ ៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទឆបោកជាង ៦០លានរៀល
ខេត្តពោធិ៍សាត់៖ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ សមត្ថកិច្ចស្រុកភ្នំក្រវាញ បានឃាត់ខ្លួនគ្រូទាយសន្លឹកបៀរ និងគ្រូមន្តអាគមដោះអំពើចំនួន ៣នាក់ ពីបទឆបោកស្ត្រី ២នាក់ អស់ប្រាក់សរុប ៦៧,៦២៣,៨០០រៀល នៅចំណុចភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ឯក តាន់ គារិទ្ធ អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានឲ្យដឹងថា ជនរងគ្រោះទាំង ២នាក់ ទី១.ឈ្មោះ ឈន ស្រីពេជ្រ ភេទស្រី អាយុ ២៩ឆ្នាំ រស់នៅភូមិក្រូចឆ្មារ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងទី២.ឈ្មោះ ណាម ស្រីមុំ អាយុ២៩ឆ្នាំ រស់នៅភូមិប៉ែន ឃុំលាចស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ត្រូវបានជនសង្ស័យមួយក្រុមមានគ្នាចំនួន ៣នាក់ ទី១-ឈ្មោះ សោម សារ៉ុន ភេទស្រី អាយុ៧២ឆ្នាំ (ត្រូវជាម្ដាយ) ជាអ្នកទាយសន្លឹកបៀរ, ទី២-ឈ្មោះ វង់ បឿ ហៅ បឿក ភេទប្រុស អាយុ ៣១ឆ្នាំ (ត្រូវជាកូនប្រសារ) ជាគ្រូមន្តអាគមដោះអំពើមើលជម្ងឺ និងទី៣- ឈ្មោះ វ៉េត សារ៉ុម ភេទស្រី (ត្រូវជាកូនស្រីបង្កើត) ជាអ្នកទាលុយពីជនរងគ្រោះយកមកធ្វើវិធីទំនឹបគ្រូ ដែលអ្នកទាំងបីមកស្នាក់នៅភូមិឃុំកើតហេតុខាងលើ។
ក្រុមជនសង្ស័យខាងលើបានឆបោក និងកំហែងយកប្រាក់ពីជនរងគ្រោះឈ្មោះ ឈន ស្រីពេជ្រ អស់ប្រាក់ចំនួន ៤២ ០៦៨ ៨០០រៀល ថ្លៃធ្វើពិធីឆាបហៅប្ដីជនរងគ្រោះ ដែលរត់តាមស្រីឲ្យត្រឡប់មកវិញ។ ចំណែកឯជនរងគ្រោះឈ្មោះ ណាម ស្រីមុំ ត្រូវបានក្រុមជនសង្ស័យខាងលើ ឆបោក និងកំហែងយកប្រាក់អស់ចំនួន ២៥ ៥៥៥ ០០០រៀល ថ្លៃធ្វើពិធីឆាបហៅសង្សាជនរងគ្រោះ ដែលបានបែកចិត្តឲ្យត្រឡប់មកវិញ។
ករណីឆបោក និងកំហែងយកប្រាក់ពីជនរងគ្រោះទាំង២នាក់ខាងលើ ក្រុមជនសង្ស័យ បានឲ្យជនរងគ្រោះធ្វើការវេប្រាក់ឲ្យពួកខ្លួនតាមវីងវេលុយ ជាដំណាក់ការតាមការកំណត់ បើមិនធ្វើការវេរលុយឲ្យតាមការកំណត់ទេ គំរាមថានិងធ្វើអំពើឲ្យសមាជិក ក្នុងក្រុមគ្រួសាររបស់ជនរងគ្រោះស្លាប់។ ជនសង្ស័យ ត្រូវបាននគរបាលស្រុកភ្នំក្រវាញ កសាងសំណុំរឿង និងចាត់ការបន្តទៅតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។