រដ្ឋបាលខណ្ឌចំការមនចុះរៀបចំសណ្ដាប់ធ្នាប់តាមបណ្ដោយមហាវិថីម៉ៅសេទុង
នៅព្រឹកថ្ងៃចន្ទនេះ ដោយមានការចង្អុលបង្ហាញពីលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក កែវ សំណាង អភិបាលរងខណ្ឌ បានចុះរៀបចំសណ្ដាប់ធ្នាប់តាមបណ្ដោយមហាវិថីម៉ៅសេទុង ចាប់ពីផ្លូវលេខ១៧៣ រហូតដល់មហាវិថីព្រះនរោត្តម នៅក្នុងភូមិសាស្ត្រខណ្ឌចំការមន។
ការរៀបចំសណ្តាប់ធ្នាប់នោះមានការចូលរួមពីរដ្ឋបាលសង្កាត់-ប៉ុស្ដិ៍នគរបាលសង្កាត់ទួលទំពូងទី២, ទួលទំពូងទី១, បឹងត្របែក និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ។
សូមបញ្ជាក់ផងដែរថា កន្លងមករដ្ឋបាលខណ្ឌចំការមន បានចេញសេចក្ដីជូនដំណឹងលេខ ៥០/២១ សជណ ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ របស់រដ្ឋបាលខណ្ឌចំការមន ស្ដីពីការចុះរៀបចំសណ្ដាប់ធ្នាប់តាមបណ្ដោយមហាវិថីម៉ៅសេទុង ចាប់ពីផ្លូវលេខ១៧៣ រហូតដល់មហាវិថីព្រះនរោត្តម នៅក្នុងភូមិសាស្ត្រខណ្ឌចំការមន ដោយបានណែនាំអោយបងប្អូនប្រជាពលរដ្ឋដែលមានអាជីវកម្ម និងរស់នៅតាមបណ្ដោយមហាវិថីខាងលើដូចខាងក្រោម៖
-ត្រូវបញ្ឈប់រាល់ការដាក់តាំងលក់សម្ភារៈផ្សេងៗនៅលើចិញ្ចើមផ្លូវសធារណៈ ដោយត្រូវដាក់តាំងលក់ត្រឹមក្នងផ្ទះរៀងៗខ្លួន។
-ត្រូវបញ្ឈប់រាល់ការដាក់បាំងរបងហ៊ុព័ទ្ធសម្ភារៈ ឬយានជំនិះផ្សេងៗលើចិញ្ចើមផ្លូវសាធារណៈ ដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួន។ -ត្រូវបញ្ឈប់រាល់ការលក់ដូរគ្រឿងហូកចុកផ្សេងៗ ដោយមានការដាក់តុ-កៅអី នៅលើចិញ្ចើមផ្លូវសាធារណៈ។
-រដ្ឋបាលខណ្ឌ នឹងទុករយៈពេលជូន ០១(មួយ)សប្ដាហ៍ ដើម្បីអោយបងប្អូនធ្វើការរុះរើ កែសម្រួលដោយខ្លួនឯង គិតពីកាលបច្ចេទនៃការចេញសេចក្ដីជូនដំណឹងនេះ ផុតរយៈពេលនេះរដ្ឋបាលខណ្ឌនឹងមានវិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ ឬខូចខាតសម្ភារៈរបស់បងប្អូនឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។